សង្គម

អ្នកកាសែត៣នាក់ និងអ្នក​បើកបរម្នាក់ត្រូវ​ចាប់ខ្លួន នៅកំពង់ឆ្នាំង

អ្នកកាសែតចំនួន ៣នាក់ និងអ្នកបើកបរ រថយន្តម្នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំងចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្រោយពីមានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ជាអ្នករកស៊ីលក់ម៉ូតូ ។

លោក អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវឃាត់ខ្លួន ១,ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកយកព័ត៌មាន រស្មីស្ទឹងត្រង់។ ២, ឈ្មោះទួន ឈុនលី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់។ ៣,ឈ្មោះ មិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីបន្ទាយដែក និង ៤,ឈ្មោះ ប៊ុត ចន្ថា ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។

លោក អៀរ ប៊ុនធឿន បានបញ្ជាក់ថា អ្នកទាំង៤នាក់នេះ ត្រូវបានចោទពីបទ រំលោភលំនៅឋាន តាមមាត្រា២៩៩ និងបទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារ ជាសាធារណៈ តាមមាត្រា៩០៦ នៃក្រម ព្រហ្មទណ្ឌ។

បច្ចុប្បន្នអ្នកកាសែត ៣នាក់ និងអ្នកបើកបររថយន្តម្នាក់កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរចម្លើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនតិវិធីច្បាប់៕