(តាកែវ) ៖ ទេសចរណ៍ទាំងខ្មែរនិងបរទេសប្រមាណជាង៤ម៉ឺននាក់ បានដើរកម្សាន្តសប្បាយតាមដំបន់ទេសចរណ៍នានាទូទាំងខេត្តតាកែវ ក្នុងកំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេលបីថ្ងៃ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍។
បើតាមលោក ឈូក ប៊ុនថន ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តតាកែវ រមណីយដ្ឋានសំខាន់ៗក្នុងខេត្តតាកែវចំនួន១២កន្លែង មានភ្លៀវទៅកម្សាន្តច្រើនជាងគេ ក្នុងនោះ រមណីយដ្ឋានទន្លេបាទីមានចំនួន២៣២៩នាក់ (បរទេស០៦នាក់), រមណីយដ្ឋានភ្នំតាម៉ៅមានចំនួន៧៣៦៨នាក់ (បរទេស២០នាក់), រមណីយដ្ឋានភ្នំជីសូរ្យមានចំនួន២២៣៤នាក់ (បរទេស២នាក់), រមណីយដ្ឋានភ្នំដាមានចំនួន១៨៩៥នាក់ (បរទេស០៣នាក់), រមណីយដ្ឋានភ្នំបាយ៉ង់កោមានចំនួន៤៨៧នាក់, រមណីយដ្ឋានជ្រោះផ្អោកមានចំនួន១៤១៤នាក់។
ជាមួយគ្នានេះ រមណីយដ្ឋានភ្នំជីតាជេព្រមានចំនួន១៦៣២នាក់, រមណីយដ្ឋានភ្នំខ្លែងមានចំនួន៩៥៧នាក់ (បរទេស០២នាក់), មណ្ឌលកម្សាន្តក្រាំងតាចាន់មានចំនួន៦៨៩នាក់ (បរទេស០១នាក់), រមណីយដ្ឋានកំពូលពេជ្រមានចំនួន៣៣៧០នាក់, រមណីយដ្ឋានត្រីមាសមានចំនួន១៧០០នាក់, មណ្ឌលកំសាន្តក្នុងក្រុងដូនកែវមានចំនួន១៩៤២៥នាក់(បរទេស៤នាក់)៕