លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ខណៈពេលដែលកម្ពុជាបើកទទួលទេសចរណ៍ឡើងវិញ ចរន្តទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុងក៏កំពុងមានការកន្រ្តាក់គួរឱ្យកត់សម្គាល់ ជាក់ស្តែង ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ១៥១,៦៨០នាក់ កើនឡើង ១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
ក្នុងនោះ ផ្លូវអាកាសមានចំនួន ៨៦,៥៨៨ នាក់ កើនឡើង ១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង ៦៩%, ផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ) ខណៈទេសចរណ៍ផ្ទៃក្នុងប្រមាណ ២,៨លាននាក់ ពោលគឺធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កើនឡើងជិត ៥០%។
លោកជំទាវថា នេះជាសញ្ញាណវិជ្ជមានផងដែរ សម្រាប់ការបើកទទួលទេសចរណ៍ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ៕