កោះកុង – អភិបាលខេត្តកោះកុងកាលពីពេលថ្មីៗនេះ បានបង្គាប់ឲ្យអភិបាលក្រុងស្រុកទាំងអស់ត្រូវចាត់វិធានការលើម្ចាស់សត្វចិញ្ចឹម ដែលលែងសត្វ គោ ក្របី ជ្រូក សុនក និងពពែ ឲ្យដើរពាសវាលពាសកាលនៅតាមទីផ្លូវសាធារណៈ។ ចំណាត់ការនេះធ្វើឡើងដើម្បីកុំឲ្យមានការបណ្តែតបណ្តោយឲ្យសត្វដើរតាមទីសាធារណៈដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ខូចសណ្តាប់ធ្នាប់ សោភណ្ឌភាពសាធារណៈ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងនៅក្នុងលិខិតនោះថា កន្លងមកអាជ្ញាធរនៅតាមភូមិ ឃុំ ស្រុក គឺមានការណែនាំ និងផ្សព្វផ្សាយអំពីវិធានការចំពោះម្ចាស់សត្វចិញ្ចឹមដែលលែងសត្វឲ្យដើរពាសវាលពាសកាលបានល្អប្រសើរ។ ប៉ុន្តែម្ចាស់សត្វមួយចំនួននៅតែបន្តលែងសត្វចិញ្ចឹមរបស់ខ្លួនឲ្យដើរតាមទីសាធារណៈ។ ដោយព្រួយបារម្ភអំពីហានិភ័យគ្រោះថ្នាក់ផ្សេងៗដោយសារសត្វចិញ្ចឹមដើរព្រោងព្រាតនៅតាមផ្លូវសាធារណៈលោកជំទាវស្នើដល់រដ្ឋបាលក្រុងស្រុកត្រូវបន្តផ្សព្វផ្សាយ ណែនាំ និងអប់រំដល់ម្ចាស់សត្វចិញ្ចឹមឲ្យគ្រប់គ្រងសត្វចិញ្ចឹមឲ្យបានល្អ ដោយចងខ្សែ ឬដាក់ក្នុងទ្រុងចិញ្ចឹមឲ្យបានត្រឹមត្រូវ។
ក្នុងករណីអប់រំណែនាំហើយ ម្ចាស់សត្វចិញ្ចឹមមិនគោរពតាមទេ អភិបាលក្រុងស្រុកត្រូវចាត់វិធានការដាក់ពិន័យដល់ម្ចាស់សត្វចិញ្ចឹមនោះ ហើយបើករណីបង្កឲ្យមានគ្រោះថ្នាក់កើតឡើងដោយសារសត្វ គឺអាជ្ញាធរត្រូវតែស្វែករកម្ចាស់សត្វ ដើម្បីមកទទួលខុសត្រូវតាមផ្លូវច្បាប់។
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៨៦បានចែងថា ជនណាដែលលែងសត្វចិញ្ចឹមឲ្យដើររហេតរហូតលើផ្លូវថ្នល់ ហើយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ម្ចាស់សត្វចិញ្ចឹមនោះនឹងត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី៕