សង្គម

ពលរដ្ឋស្នើ អាជ្ញាធរខេត្តស្វាយរៀង ជួយបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ និងអាប៉ោង របស់លោក យ៉ាន់ និងលោក អុន !!

ខេត្ដស្វាយរៀង ៖ ទោះបីជាគោលនយោបាយ​ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ត្រូវ​បានដាក់ចេញ​ដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ដន៍ទូទាំងប្រទេសយ៉ាងណារក្ដីក៏នៅតែអាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនគោរពតាមគោលនយោបាយនេះឡើយ។

ជាក់ស្ដែងទីតាំងសង្វៀនជល់មាន់និងអាប៉ោងស្ថិតនៅក្នុងភូមិ តាសួស ឃុំដូង ស្រុករមាសហែក ខេត្ដស្វាយរៀង ដែលគេស្គាល់ថា ម្ចាស់ទីតាំងមានឈ្មោះ យ៉ាន់ ជាមន្ដ្រីយោធាវារៈ២០១ ការពារព្រំដែនទទួលនៅច្រកដំណាក់ត្រឡោកបែក និងលោក អុន ជាប្រជាពលរដ្ឋបាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃដោយមិនញញើតនឹងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់និងអាប៉ោងបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់នឹងអាប៉ោងនេះគឺបើកលេងជាង២ខែទៅហើយ ម្យ៉ាងវិញទៀតនោះលោកយ៉ាន់ និងលោកអុន បានរត់ការគ្រប់ច្រករហកអស់ហើយដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងស្រុករមាសហែករក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។ ម្យ៉ាងវិញទៀតនោះអ្នកបាញ់អាប៉ោងត្រូវបង់លុយទៅឲ្យម្ចាស់សង្វៀនជល់មាន់ចំនួន៥០មុឺនរៀលក្នុងមួយថ្ងៃជាថ្នូរនៃការបើកលេង។

ប្រភពបានបន្ដថា ចំពោះទីតាំងខាងលើនេះគេលេងផ្លាស់ប្ដូរ៣ទីតាំង ក្នុងភូមិ តាសួស ឃុំដូង ដដែល ដោយ៖ទីតាំងទី១.លេងខាងកើតផ្លូវចម្ការស្វាយចន្ធី ខាងក្រោយផ្ទះឈ្មោះ អុន ជាប់ព្រំប្រទល់វៀតណាម ទី២.លេងខាងលិចផ្លូវ ចូលតាមផ្លូវជាប់របងខាងត្បូងផ្ទះឈ្មោះអួក ជាប់និងស្លាកគណបក្សភ្លើងទៀន ចូលទៅលិចចំងាយប្រហែល២០០ម៉ែត្រ នៅក្រោមដើមកាស្យា នៅវាលស្រែទី៣.លេងនៅខាងលិចផ្លូវដែរ ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោងមួយនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យលោក យ៉ាន់ និង លោក អុន បើកលេងល្បែងសុីសងជល់មាន់និងអាប៉ោងយ៉ាងគគ្រឹកគគ្រេងទៅវិញ?

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកអធិការស្រុករមាសហែកបានទេ។ ចំណែកឯលោក អភិបាលស្រុករមាសហែកបានប្រាប់មកអង្គភាពសារព័ត៌មានថា លោកកំពុងតែមានចំណាត់ការរឿងនេះ។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់និងអាប៉ោងទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកលោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការខេត្ដស្វាយរៀង លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកឧត្ដមសេនីយ៍ទោកឹង ឃន ស្នងការខេត្ដស្វាយរៀងនិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299