ភ្នំពេញ: ទីតាំងអ៊ីនធឺណេត បង្កប់ល្បែងស៊ីសងមាន ភ្នាល់បាល់បៀរការ៉ាត់ មាន់ជល់ហាយឡាយ ប្រភេទកាស៊ីណូ និងល្បែងផ្សេងៗជាច្រើនទៀត កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅទីតាំងនៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវ១៥៤ ខាងជើងរបងវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ។
ប្រភពពីពលរដ្ឋ ដែលមានទីលំនៅនៅក្បែរនោះ បានប្រាប់មកអង្គភាពសារព័ត៌មានពេញចិត្តមេឌា ដឹងថា «ពួកគាត់តែងតែឃើញជនញៀណល្បែង ទាំងក្មេងទាំងចាស់ ជួនកាលឃើញមានទាំងមន្ត្រីផងដែរ តែងតែចូលទៅលេងល្បែងនៅក្នុងទីតាំងខាងលើ ពេលចេញមកវិញ អ្នកឈ្នះមុខរីកដូចខ្លាញ់ ឯអ្នកចាញ់មុខដូចសេះ ហើយក៏ពុំដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះមកត្រួតពិនិត្យ ឬធ្វើការបង្ក្រាបម្តងណាឡើយ។ប្រភពខាងលើបានបន្ថែមទៀតថា ទីតាំងបើកល្បែងស៊ីសងនេះ គឺបានបើកដំណើរការ ជាយូរឆ្នាំមកហើយ ទើបតែឃើញនៅក្នុងអំឡុងដែលប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសទូទាំងសកល ផ្ទុះការរាតត្បាត នៃជំងឺកូវីដ ១៩ ពួកគាត់បានឃើញសារាចរសេចក្តីណែនាំ របស់សាលារាជធានីភ្នំពេញ ឱ្យបិទទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណេត ទូទាំងរាជធានី ទើបឃើញទីតាំងខាងលើនេះ
បានផ្អាកដំណើរការបើកលេងល្បែង។ តែមួយរយៈចុងក្រោយនេះ ដោយក្នុងប្រទេស មានការធូរស្បើយ នៃការរាតត្បាតជំងឺកូវីដ ១៩ ស្រាប់តែឃើញទីតាំងល្បែងស៊ីសងនេះ ចាប់ផ្ដើមដំណើរការឡើងវិញ បានយ៉ាងរលូន ដោយមិនខ្វល់ ឬខ្លាច ទោសទណ្ឌនៃច្បាប់ណាមួយឡើយ»។
ពាក់ព័ន្ធ នឹងបងប្រុសម្នាក់ ស្នើសុំមិនបញ្ចេញមុខ ក៏បានលួចខ្សឹបដំណឹងនេះ មកកាន់អង្គភាពសារព័ត៌មានយើងផងដែរថា គាត់ជាអ្នកលេងល្បែងនៅទីតាំងខាងលើនេះជាប្រចាំ គាត់បានមានប្រសាសន៍ថា «ខ្ញុំមកលេងល្បែងនៅទីនេះ គឺមានភាពកក់ក្តៅខ្លាំង ព្រោះ ទីតាំងល្បែងស៊ីសងខាងលើនេះ មានខ្នងបង្អែកយ៉ាងរឹងមាំ មិនភ័យព្រួយ ពេលកំពុងលេង ត្រូវខ្លាចអាជ្ញាធរ ចុះមកធ្វើការបង្ក្រាបនោះឡើយ ហើយនៅទីនេះ ក៏សំបូរទៅដោយអ្នកមានលុយមកលេងដែរ ជាពិសេសនោះ គាត់បានបន្តទៀតថា កន្លែងនេះគេបើកបានរហូតមកដល់សព្វថ្ងៃ ព្រោះគេបានរត់ការ ឲ្យសមត្ថកិច្ចអស់ហើយ»។
ពាក់ព័ន្ធនឹងល្បែងស៊ីសងខាងលើនេះ លោក ទៀង ច័ន្ទសា អធិការ នគរបាល ខណ្ឌដូនពេញ បានថ្លែងថា «ទទួលបានហើយ អរគុណ ខ្ញុំចិត្តវិធានការតាមផ្លូវច្បាប់»។
ទោះជាយ៉ាងណាក៏ដោយពាក់ព័ន្ធនឹងល្បែងស៊ីសងខាងលើនេះ ពលរដ្ឋក្នុងសង្កាត់ផ្សារកណ្ដាលទី១ ក៏ដូចជាមហាជន នៅតែទទូច សុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ក្នុងខណ្ឌដូនពេញ សូមមានវិធានការបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងខាងលើនេះផង។
ពលរដ្ឋនិងមហាជន នឹងរង់ចាំមើល ចំណាត់ការរបស់លោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ មានឆន្ទៈក្នុងការចុះបង្ក្រាប ទីតាំងល្បែងស៊ីសងខាងលើនេះផងដែរ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299