(តាកែវ) ៖ ក្មេងស្ទាវ២ក្រុមបានបើកឆាកប្រយុទ្ធគ្នាតាំងពីសាលាបឋមសិក្សា និងអនុវិទ្យាបារាយណ៍ រហូតដល់ចុងភូមិខាងជើងឈៀងខាងលិច (ចំការគរ) បង្កឲ្យប្រជាពលរដ្ឋនៅម្ដុំនោះរត់ចូលផ្ទះបិទរបង ព្រលឹងចុងសក់គ្រប់គ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចទួលចំការគរ ស្ថិតក្នុងភូមិស្វាជ្រុំសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
យោងតាមសម្តីក្រុមក្មេងដែលអះអាងថា ត្រូវគេដេញកាប់ បញ្ជាក់ថា ភាគីមួយក្រុមទៀតមកពីខេត្តតាកែវ ជិះម៉ូតូ៤ទៅ៥គ្រឿង ដោយដំបូងគេជិះក្រឡឹងជុំវិញសាលារៀនបារាយណ៍ជាច្រើនជុំ ហើយគ្រាន់តែឃើញពួកគេភ្លាម ក៏ជិះម៉ូតូដេញ ដោយក្នុងដៃពួកគេប្រដាប់ដោយដំបងនិងកាំបិត ខ្សែក្រវ៉ាតគ្រប់ដៃដេញផ្អើលតាំងពីកណ្ដាលភូមិរហូតដល់ចុងភូមិទួលចំការគរ ក៏មានបក្ខពួកខ្លួនមួយក្រុមចេញមកជួយ ធ្វើឲ្យក្មេងៗដែលមកពីតាកែវរត់ចោលម៉ូតូសង់សេរីឆ្នាំ២០២២ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ តាកែវ 1Z-3602 ហើយត្រូវភាគីដែលអះអាងថាត្រូវគេដេញកាប់នោះ ព្រួតវាយម៉ូតូខូចខាតយ៉ាងដំណំនៅចំណុចកើតហេតុខាងលើ។
ក្រោយពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋបានទំនាក់ទំនងតាមរយៈទូរស័ព្ទហៅសមត្ថកិច្ចមូលដ្ឋានមកទទួលយកម៉ូតូ ទៅរក្សាទុកនៅរដ្ឋបាលប៉ុស្តិ៍សង្កាត់បារាយណ៍ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត៕