សង្គម

រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំឲ្យយកឧបករណ៍នេសាទខុសច្បាប់ដែលរឹបអូសបានពីជនល្មើសច្នៃជាប្រយោជន៍ដល់រដ្ឋបាលជលផលខេត្តវិញ

លោក វេង សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​​និងនេសាទបានណែនាំឲ្យរដ្ឋបាលជលផលតាមខេត្តច្នៃស្បៃមុងដែលរឹបអូសបានពីអ្នកល្មើសនេសាទធ្វើជាទ្រុងចិញ្ចឹមមាន់ និងរនាំងបាំងសួន និងរនាំងបាំងបន្លែវិញ។ សម្រាប់កាណូត និងទូកវិញ គួរទុកសម្រាប់ធ្វើជាមធ្យោបាយសម្រាប់សម្រួលការងារបស់រដ្ឋបាលជលផល។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​​ និងនេសាទបានបញ្ជាក់ថា មុនអាចយកឧបករណ៍នេសាទទាំងឡាយដែលដកហូតពីជនល្មើសនេសាទមកច្នៃជារបស់ប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់រដ្ឋបាលជលផលតាមខេត្ត ឧបករណ៍នេសាទទំាងនោះគឺត្រូវតែជាឧបករណ៍ដែលតុលាការបានជម្រះក្តីរួចរាល់។

លោក វេង សាខុន​ ក៏បានប្រាប់ដល់កងកំលាំងអន្តរាគមន៍ និងមន្រ្តីរដ្ឋបាលជលផលបន្តពង្រឹងលើកិច្ចការបង្រ្កាបបទល្មើសនេសាទឲ្យកាន់តែរឹងមាំទាំងកាយ និងចិត្តដើម្បីសម្រេចឲ្យបាននូវបទបញ្ជារបស់សម្តេចតេជោកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរបានបង្ក្រាបបទល្មើសឧបករណ៍អួនអូសទឹកសាបចំនួន១៧វង់, ម៉ាញ់៣វង់,អួនហ៊ុម៤វង់, កាណូត៤៦គ្រឿង, ម៉ាស៊ីន១៤គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការចំនួន១១ករណី និងចេញដីកាកោះ១១នាក់៕