សង្គម

បែកធ្លាយតាម Facebook ថា មន្ត្រីសាលាខេត្តកណ្តាល និងអភិបាលស្រុកមុខកំពូលសហការគ្នាហៅសាក្សីទៅឱ្យប៉ូលីសចាប់ខ្លួន

កណ្តាល ៖ រយៈពេល​ប៉ុន្មានថ្ងៃមកនេះ មានករណីបែកធ្លាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកថា មានករណីមន្ត្រីសាលាខេត្កកណ្តាល និងអភិបាលស្រុកមុខកំពូល លោក យី យ៉េន សហការគ្នាហៅសាក្សីទៅឱ្យប៉ូលីសចាប់ខ្លួនពេលចូលរួមតាមការកោះហៅជាសាក្សីរបស់ម្ចាស់ដីជាប្រជាពលរដ្ឋមានវិវាទជាមួយឧកញ៉ា។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មេធាវី សាន សុផា/ San Sopha បានចែករំលែករឿងរ៉ាវនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលត្រឹមសរសេរខ្លឹមសារថា «អាណិតអ្នកក្រពេកទ្រាំមិននិយាយមិនបាន! មុនមិនចាប់ក្រោយមិនចាប់ តែចាប់ថ្ងៃទៅធ្វើសាក្សីរឿងវិវាទដីធ្លី!ចេះតែហ៊ានធ្វើទៅកើត។ លោកសរសេរបន្តថា ឆ្នាំ២០២២ ទៅហើយ មន្ត្រីសាលាខេត្តកណ្តាល និងអភិបាលស្រុកមុខកំពូលសហការគ្នាហៅសាក្សីទៅឱ្យប៉ូលីសចាប់ខ្លួនពេលចូលរួមតាមការកោះហៅជាសាក្សីរបស់ម្ចាស់ដីជាប្រជាពលរដ្ឋមានវិវាទជាមួយឧកញ៉ា។ ហេតុផលចាប់ជារឿងផ្សេងតែបង្កប់នូវការគម្រាមកំហែងដ៏ធ្ងន់ធ្ងរ និងហួសហេតុលើរឿងវិវាទដីធ្លី» ។ «ពេលចូលប្រជុំអត់និយាយរឿងអីក្រៅពីជម្រុញឱ្យកូនក្តីខ្ញុំយកលុយ៥ពាន់ទៅ១ម៉ឺនបញ្ចប់រឿង ដល់តែមិនព្រម ចាប់សាក្សីមួយបាត់ ហើយឥឡូវដើបំផុសបំផុលគម្រាមសាក្សីពេញភូមិ ពីសំណាក់ដៃជើងឧកញ៉ា។ ចំណែកកូនក្តីខ្ញុំបីនាក់ ត្រូវរងការគម្រាមកំហែងពីការប្តឹងរបស់ឧកញ៉ាតាមនីតិវិធីច្បាប់នៃរឿងព្រហ្មទណ្ឌដែលជារឿងវិវាទដីធ្លី តាំងពីនៅក្រសួងមហាផ្ទៃរហូតដល់តុលាការ»។

លោកមេធាវីរូបនោះបន្តថា សាក្សីឈ្មោះ ឆន ធឿន ដើរហើរសេរីពេញភូមិ៥ឆ្នាំហើយ ជាប្រជាពលរដ្ឋក្រីក្រ និងស្លូតបូតរស់នៅក្នុងភូមិនោះ ៥ឆ្នាំហើយ មិនដែលដឹងរឿងមានដីការចាប់ខ្លួន ឬការកោះហៅចូលសវនាការអីទេ ។ រស់នៅក្នុងភូមិមិនដែលគេចខ្លួន ហេតុអីមិនចាប់កាលពី៥ឆ្នាំមុន?សាក្សីរស់វ័យចំណាស់ៗមានទាំងអស់ ឆ្លើយបំភ្លឺហើយថា ដីលក់ឱ្យឧកញ៉ានៅកន្លែងផ្សេង ហើយលក់ឱ្យប្រជាជននៅកន្លែងផ្សេង តែបែរជាមិនខ្វល់។

លោកស្រី គង់ រិន ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ ឆន ធឿន បានប្រាប់ឲ្យបណ្ដាញព័ត៌មានក្នុងស្រុកថា ប្ដីរបស់លោកស្រី ឈ្មោះ ឆន ធឿន ពិតជាត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅក្នុងសាលាស្រុកមុខកំពូលប្រាកដមែន ពេលដែលប្ដីគាត់ទៅធ្វើជាសាក្សីរឿងវិវាទដីធ្លី និងត្រូវបានគេបញ្ជូនប្ដីគាត់ភ្លាមៗទៅខេត្តតែម្ដង។លោកស្រីបន្តថា ហើយពេលនោះ លោក យី យ៉េន អភិបាលស្រុកមុខកំពូលក៏មានវត្តមាននៅទីនោះដែរ។

ជុំវិញករណីនេះ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានថ្លែងថា លោកមិនបានដឹងថា មានករណីចាប់ខ្លួនសាក្សីឈ្មោះ ឆន ធឿន នោះទេ ហើយបើពិតជាមានករណីចាប់មនុស្សមែន នោះលោកអធិការស្រុកនឹងរាយការណ៍មកលោកហើយ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299