ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការ ហួសចិត្តយ៉ាងខ្លាំងចំពោះករណីយកគោយន្តដឹកគ្រឿងញៀនបន្តកន្ទុយគ្នាបម្រុងចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវធ្វើការបង្រ្កាបបាន ខណៈគោយន្តទាំងនោះធ្លាប់តែដឹកជីនៅខេត្តជាប់នឹងព្រំដែនខេត្ត ស្ទឹងត្រែងរបស់ខ្មែរ។
ថ្លែងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃពុធ ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា «ប៉ុន្មានថ្ងៃមុន ខេត្តស្ទឹងត្រែង ឃើញមកពីឡាវ ដោយគោយន្តពីដើមគេយកដឹកតែជី តែឥឡូវយកដឹកគ្រឿងញៀនទាំងការ៉ុងៗ ហើយការដឹកនេះ គឺជាការដឹកដោយចំហរ… ប៉ុន្តែត្រូវអាជ្ញាធរឡាវ ចាប់បានទាន់ពេលវេលា»។
ឯកឧតុ្តមបញ្ជាក់បន្ថែមថា គ្រឿងញៀនដែលធ្វើការដឹកដោយគោយន្តនោះ គឺមានចំនួនជាបីគ្រឿង ផ្ទុកគ្រឿងញៀនប្រហែលជាង៦រយគីឡូក្រាម ហើយបម្រុងដឹកចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរគេចាប់បានដោយចៃដន្យខណៈគេទៅបង្រ្កាបឡានគេចពន្ធ។
បន្ទាប់ពីមើលឃើញករណីនាំចូលគ្រឿងញៀននៅតែបន្តគួរឲ្យព្រួយបារម្ភនោះ ឯកឧត្តម កែ គឹមយ៉ាន ក៏បានបន្តអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ជាពិសេសខេត្តដែលជាប់នឹងព្រំដែនប្រទេសជិតខាង គប្បីបង្កើនការបង្រ្កាបនូវបទល្មើសមួយនេះបន្ថែមទៀត ដោយមិនត្រូវធ្វេសប្រហែសបន្តទៀតនោះឡើយ ខណៈគ្រឿងនេះបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមនោះ។
ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់អាជ្ញាធរទាំងអស់គប្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ផងដែរចំពោះការនាំចូលនូវសារធាតុគីមី ដោយសារធាតុគីមីខ្លះត្រូវបានឈ្មួញទុច្ចរិតលួចនាំមកដើម្បីធ្វើគ្រឿងញៀនផ្សំ ខណៈករណីនេះធ្លាប់មាន ហើយបង្រ្កាប់បាននៅខេត្តកំពង់ស្ពឺកាលពីកន្លងទៅថ្មីៗនេះ៕