សង្គម

ក្រសួងទេសចរណ៍ណែនាំឲ្យបណ្តាខេត្តរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ២០២២ និងកម្មវិធីសប្បាយៗ​ តែត្រូវគោរពតាមវិធានការសុខាភិបាល

តាមរយៈ​លិខិត​មួយ​ចេញផ្សាយ​កាលពីថ្ងៃម្សិលមិញ (២៩ មីនា) ក្រសួងទេសចរណ៍បានណែនាំឲ្យមន្ទីរទេសចរណ៍រាជធានីខេត្តត្រូវសហការជាមួយ រដ្ឋបាលរាជធានីខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍សង្រ្កាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗតាមទំនៀមទម្លាប់ប្រពៃណីទៅតាមលទ្ធភាពដែលមាន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ប៉ុន្តែត្រូវគោរពតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ក្នុងនោះមន្ទីរទេសចរណ៍រាជធានីខេត្តត្រូវពង្រឹងការគ្រប់គ្រងនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ជាពិសេសត្រូវពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន​ អនាម័យ និងរក្សាតម្លៃផលិតផល ម្ហូបអាហារ និងសេវាស្នាក់នៅឲ្យបានសមរម្យ និងត្រូវសរសេរតម្លៃតារាងឲ្យបានច្បាស់លាស់ដើម្បីឲ្យភ្ញៀវបានដឹងមុន។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយទេ ម្ចាស់មូលដ្ឋានអាជីវកម្មនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ គឺមិនត្រូវផ្ទុកបរិមាណភ្ញៀវលើសចំណុះជាដាច់ខាត។ រាល់សកម្មភាពអាជីវកម្មទេសចរណ៍ដែលបានដំណើរការទទួលភ្ញៀវ គឺត្រូវគោរពតាមវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា(SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នាពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឲ្យអភិបាលខេត្តត្រៀមរៀបចំកម្មវិធី និងតុបតែងលម្អដើម្បីត្រៀមទទួលភ្ញៀវទេសចរនៅពិធីបុណ្យចូលឆ្នាំខ្មែរ។ ទន្ទឹមនេះសម្តេចក៏បាន​បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានត្រៀមរៀបចំសណ្តាប់ធ្នាប់ រក្សាសុខសុវត្ថិភាព​ និងសម្រួលចរាចរណ៍ដល់អ្នកដំណើរដែលទៅកម្សាន្តលេងនៅតាមតំបន់ទេសចរណ៍​។

មកដល់ពេលនេះ បណ្តារាជធានីខេត្តមួយចំនួនកំពុងតែត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ក្នុងនោះមានរាជធានីភ្នំពេញនឹងគ្រោងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនៅរមណីយដ្ឋានវត្តភ្នំ, សៀមរាបនឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនៅតាមដងស្ទឹងសៀមរាប, កំពង់ឆ្នាំងក៏នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ត្រឡាច នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ហើយនៅតាមបណ្តាសាលារៀន និងសាកលវិទ្យាល័យមួយចំនួនក៏កំពុងតែត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីផងដែរ៕