សង្គម

ក្រុមឈ្មួញបទល្មើសព្រៃឈើ ប្រើប្រជាពលរដ្ឋ​ដឹកជញ្ជូនឈើគគ្រឹកគគ្រេងពេញព្រៃនៅស្រុកភ្នំក្រវ៉ាញ

(ពោធិ៍សាត់) ៖ ប្រភពពីប្រជាពលរដ្ឋរស់ក្នុងស្រុកភ្នំក្រវ៉ាញ បានបង្ហើបប្រាប់មកអង្គភាពសារព័ត៌មានពេញចិត្តមេឌា ថា សព្វថ្ងៃនេះ មានក្រុមឈ្មួញ​មួយ​ក្រុម ហើយ​គេ​ស្គាល់ឈ្មោះ​ច្បាស់បំផុតនោះ គឺឈ្មួញឈ្មោះ ពៅ បានប្រើប្រជាពលរដ្ឋ​ធ្វើ​ការ​ដឹកជញ្ជូនឈើតាមរទេះក្របី ក៏​ដូចជាគោយន្តកន្រ្តៃចេញពីក្នុងព្រៃមកដាក់ស្តុកនៅចំនុចផ្លូវអូដា និងផ្លូវទំនប់ទីបី ស្ថិត​នៅ​ក្នុង​ភូមិវាល ឃុំវាល ស្រុកភ្នំក្រវាញ ទាំងយប់ទាំងថ្ងៃ មុន​នឹង​បន្ត​ដឹក​យកទៅដាក់នៅដេប៉ូឈ្មោះ ហុង ឯខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើនេះ គេមិនដែល​ឃើញមន្រ្តីជំនាញរូបណាចុះធ្វើ​ការ​បង្ក្រាបបានឡើយ ដោយ​ពួកគាត់សង្ស័យថា ប្រហែលជាមានការឃុបឃិតគ្នាណាមួយ​រវាងឈ្មួញ និង​មន្រ្តីពាក់ព័ន្ធហើយ ទើប​បានជា​គ្មានការ​បង្រ្កាបយ៉ាងនេះ ព្រោះថា ឈើទាំងនោះ​ក្រុមឈ្មួញ​បានដឹកជញ្ជូនឆ្លង​កាត់មុខ​ស្នាក់ការបរិស្ថាន​តាងរ៉ាង ព្រមទាំងទីតាំងមន្រ្តីជំនាញ​ដែល​ចាំ​ចាប់បទល្មើស​ព្រៃឈើ​នៅម្តុំវត្ត​ព្រៃខ្លុងថែមទៀតផង។

ចំពោះ​ករណីនេះ លោក ចាប សៀកនី ប្រធានស្នាក់ការបរិស្ថានតាងរ៉ាង បានមានប្រសាសន៍ថា ពិតជាមានការដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃពិតប្រាកដមែន តែមិនបានដឹកឆ្លងកាត់មុខទីស្នាក់ការបរិស្ថានតាងរ៉ាងនោះទេ ដោយ​ក្រុមឈ្មួញទុច្ចរិតទាំងនោះ ដឹកជញ្ជូនឈើនៅខាងក្រោមទីស្នាក់ការរបស់លោក ប្រហែលជា២គីឡូម៉ែត្រ ពីទីស្នាក់ការបរិស្ថានតាងរ៉ាង។ លោកថា មន្រ្តីលោក​តែងតែយកចិត្តទុកដាក់ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសអនុផលព្រៃឈើទាំងនោះ តែដោយសារតែក្រុមឈ្មួញទុច្ចរិត មានបណ្ដាញច្រើន ទើបធ្វើឱ្យ​លោកបង្ក្រាបមិនបានសោះ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299