សង្គម

រថយន្តជិតកន្លះលានគ្រឿង មិនត្រូវម្ចាស់យកទៅត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស នឹងរងការពិន័យ

គិត​មកទល់បច្ចុប្បន្ននេះ មាន​រថយន្ត​ប្រមាណជិតកន្លះលានគ្រឿង មិនត្រូវ​បានម្ចាស់​នាំយកមកពិនិត្យ​លក្ខណៈ​បច្ចេកទេស ឬក៏ធ្វើឆៀក​នោះទេ ហើយ​បើតាម​រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន រថយន្តដែលហួសសុពលភាពឆៀក នឹងត្រូវផាកពិន័យ​១ថ្ងៃ៥០០រៀល​សម្រាប់រថយន្តធុនតូច ហើយមួយថ្ងៃ២ពាន់រៀល​សម្រាប់រថយន្តធុនធំ។

បើតាម​ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់ថា សព្វថ្ងៃនេះ ក្រសួងបានធ្វើ​ការ​ផាកពិន័យរថយន្ត​ដែលផុតសុពលភាពឆៀក​ប្រមាណ ១៧ម៉ឺនគ្រឿងហើយ ដែល​សរុបជាទឹកប្រាក់បានប្រមាណ ជាង៥លានដុល្លារ ហើយប្រាក់ទាំងនោះ​ត្រូវ​បាន​បង្វិលចូលថវិកាជាតិ។

រដ្ឋមន្រ្តីក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍បញ្ជាក់ថា នៅក្នុងមួយឆ្នាំៗកម្ពុជា​ខាតបង់ថវិកាប្រមាណ៤០០លានដុល្លារអាមេរិក ដោយសារ​តែគ្រោះថ្នាក់ចរាចរណ៍ លើ​ការ​ខូចខាតទ្រព្យ​សម្បត្តិជាតិ ឯកជន តម្លៃមន្ទីរពេទ្យ​ និងពេលវេលាធ្វើការ។

សូមបញ្ជាក់ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ទីតាំងសម្រាប់ពិនិត្យបច្ចេកទេសយានយន្ត​សរុបចំនួន ១៩ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៧ទីតាំង និងនៅតាមទីរួមខេត្តចំនួន១២។ ក្រៅពីនេះ ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​រៀបចំ​នូវ​រថយន្ត​ឆៀកចល័ត សម្រាប់​បណ្តា​ខេត្ត​ និង​តំបន់​មួយ​ចំនួន​ដែល​មិន​ទាន់​មានទីតាំងឆៀករថយន្តផងដែរ ដើម្បីជា​ការ​សម្រួលដល់បងប្អូនប្រជាពលរដ្ឋ៕