(ភ្នំពេញ) ៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ពោលគឺថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២២ក កម្ពុជាមានភ្ញៀវទេសចរចំនួន ២០៦,១២១ នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៣,៥៨២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១២,៥៣៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣១,៥៨៧ នាក់
* រាជធានីភ្នំពេញ ២៨,៦០៨ នាក់
* ខេត្តបាត់ដំបង ២៣,៩៨០ នាក់
* ខេត្តកំពត ២២,៧០២ នាក់
* ខេត្តសៀមរាប ១៧,៥៣០ នាក់
* ខេត្តកែប ១៥,២៤៦ នាក់
* ខេត្តពោធិ៍សាត់ ១០,៦៥២ នាក់។
អនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធបាននិងកំពុងដាក់ចេញផែនការរៀបចំកម្មវិធីកម្សាន្តសប្បាយនាឱកាសចូលឆ្នាំប្រពៃណីជាតិ ពិសេសកម្មវិធីសង្ក្រាន្តចូលឆ្នាំនៅតាមទីរួមខេត្ត ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ រួមជាមួយការតុបតែងលម្អនៅតាមទីតាំងសំខាន់ៗ។
ទន្ទឹមនឹងនេះ វិស័យឯកជនមានក្តីរីករាយចំពោះការប្រកាសឲ្យមានកម្មវិធីកម្សាន្តនៅតាមបណ្តារាជធានី-ខេត្ត និងបានកំពុងរៀបចំមូលដ្ឋានអាជីវកម្មរបស់ខ្លួនត្រៀមទទួលភ្ញៀវទេសចរ ពិសេសការពង្រឹងការអនុវត្តវិធានការ ៣កុំ និង៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ទៅតាមការណែនាំរបស់អាជ្ញាធរ។
ក្រសួងទេសចរណ៍បានកំពុងរៀបចំសារាចរណែនាំទៅមន្ទីរទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍៕