សង្គម

ព្រះមហាក្សត្រ​កម្ពុជា​ផ្ញើ​ព្រះរាជសារ​រំលែក​ទុក្ខ​ជូន​ប្រធានាធិបតីចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុន China Eastern

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ ព្រះអង្គ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ជូន​ចំពោះ ឯកឧត្តម ស៊ី ជីន​ភីង ( Xi JinPing )​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដ៏​រន្ធត់ ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន ១៣២​នាក់​។​

គួររំលឹកថា អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ចិន​កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែមីនា បាន​បញ្ជាក់ថា​ យន្តហោះ​ដឹក​អ្នកដំណើរ ប្រភេទ Boeing 737 បាន​ធ្លា​ក់នៅ​តំបន់ភ្នំ​មួយ​ក្នុង​ទីក្រុង Tengxian ខេត្ត Guangxi ភាគខាងត្បូង​ប្រទេស​ចិន​។​

​អាជ្ញាធរ​ចិន​បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា យន្តហោះ​នេះ​បាន​ដឹក​មនុស្ស ១៣២​នាក់​ក្នុងនោះ មាន​អ្នកដំណើរ ១២៣​នាក់ និង​នាវិក ៩​នាក់​។ ភ្លាមៗ​នេះ គេ​នៅ​មិនទាន់​ដឹងថា​តើ​មាន​អ្នករងរបួស​ឬ​អ្នកស្លាប់ ប៉ុន្មាន​នាក់​នៅឡើយ​ទេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​កំពុងដំណើរការ តែ​គិត​ត្រឹម​ថ្ងៃទី​២៣​ខែមីនា នេះ អ្នក​សង្គ្រោះ​ពុំបាន​រកឃើញ​អ្នក​នៅរស់​រាន​ជីវិត​ណា​ម្នាក់​នៅឡើយ​ទេ​៕​