(ភ្នំពេញ) ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញ ចុះឆ្មក់ពិនិត្យរថយន្តនៅតាមផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការចុះឆ្មក់ពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងវាយបញ្ចូលព័ត៌មានផ្លាកលេខយានយន្តទៅក្នុងកម្មវិធីដែលរៀបចំឡើងដោយក្រុមមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគយ។
លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា លេខសម្គាល់រថយន្តទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ ត្រូវបានចែករំលែក និងអនុញ្ញាតឱ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្លាកលេខរថយន្តក្លែងក្លាយ និងចូលរួមទប់ស្កាត់ការគេចវេសពីការបង់ពន្ធនាំចូល។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ក៏បានកត់សម្គាល់ផងដែរអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះក្នុងការជួយត្រួតពិនិត្យ ទប់ស្កាត់ការក្លែងបន្លំផ្លាកលេខសម្គាល់រថយន្ត ជាពិសេសកាត់បន្ថយរថយន្តផ្លាកលេខក្លែងក្លាយដែលប្រើក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ៕