ជាការកត់សម្គាល់ ក្នុងដើមឆ្នាំ២០២២នេះ ល្បែងតាមប្រព័ន្ធអ៊ីនធឺណេត ហាក់ដូចជារីកលូតលាស់ខ្លាំង ក្រោមការឃុតឃិតរវាងអាជ្ញាធរ និងក្រុមថៅកែលាក់មុខ ក្នុងនោះបើនិយាយពីឃុំលាយបូរ នៃស្រុកត្រាំកក់វិញ គឺមានហាងកាហ្វេប្រមាណ ២៧ទីតាំង បានបើកលេងល្បែងឡូតូអនឡាញ និងជល់មាន់អនឡាញ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បាននិយាយថា បច្ចុប្បន្នមិនដូចកាលពីមុនទេ ល្បែងឡូតូអនឡាញ និងជល់មាន់ ត្រូវគេដាក់បញ្ចាំងដោយផ្សាយបន្តផ្ទាល់ព្រោងព្រាត ដោយពុំឃើញអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើការហាមឃាត់ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនោះឡើយ។
តាមប្រភពច្បាស់ការមួយបានលើកឡើងថា ទូទាំងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានល្បែងឡូតូ និងជល់មាន់ដែលថៅកែលាក់មុខជួលកូនចៅបើកដំណើរការលេងចំនួន២៧ទីតាំង ដែលកន្លែងខ្លះនៅក្បែរៗរបងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទៀតផង។
ជុំវិញការរីករាលដាលនូវល្បែងស៊ីសងតាមអនឡាញព្រោងព្រាតក្នុងមូលដ្ឋានឃុំលាយបូរនេះ លោក ស៊ិន ជី នាយប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរមិនអាចសុំការបកស្រាយបានទេ ព្រោះរាល់លើកដែលអ្នកសារព័ត៌មានខលទៅលោកតាមរយៈខ្សែទូរស័ព្ទលោកតែងតែឆ្លើយថា ច្រឡំលេខហើយ លោកមិនមែនមេប៉ុស្តិ៍ទេ៕