សង្គម

ពលរដ្ឋស្រុកស្នើ អាជ្ញាធរខេត្តកំពង់ចាម ជួយបង្ក្រាបទីតាំងល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងខ្នាតធំ ក្នុងស្រុកស្ទឹងត្រង់

(កំពង់ចាម) ៖ ប្រភពច្បាស់ការណ៍ពីពលរដ្ឋ បានប្រាប់មកអង្គភាពសារព័ត៌មានពេញចិត្តមេឌា ថាមានទីតាំងបញ្ជល់មាន់និងអាប៉ោងខ្នាតធំមួយកន្លែង ស្ថិតនៅក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។កំពុងបើកទទួលជនញៀណល្បែងមកពីគ្រប់ទិសទី ដោយមានការភ្នាល់លុយឈ្នះចាញ់រាប់លានរៀល យ៉ាងគគ្រឹកគគ្រេង មិនខ្វល់ពីសមត្ថកិច្ចចុះបង្ក្រាបនោះឡើយ។

ប្រភពខាងលើបានបន្តទៀតថា ម្ចាស់ទីតាំងល្បែងស៊ីសងខាងលើនេះគេស្គាល់ឈ្មោះថា អ៊ុំពែកៗ គាត់មានអំណាចខ្លាំងណាស់ សមត្ថកិច្ចក្នុងស្រុកស្ទឹងត្រង់មិនហ៊ានទៅក្បែរទីតាំងល្បែងស៊ីសងរបស់គាត់ឡើយ ដោយ​គាត់តែងអួតប្រាប់អ្នកលេងល្បែងទាំងនោះថា នាំគ្នាមកលេងហ្នឹងចុះគ្មានសមត្ថកិច្ចណាមកបង្ក្រាបឡើយ ព្រោះគាត់បានរត់ការ ពីថ្នាក់ឃុំរហូតដល់ខេត្តអស់ហើយ ដូច្នេះបើមានរឿងអ្វីគេជូនដំណឹងមកយើងឲ្យដឹងមុនជាមិនខាន។

ប្រភពខាងលើក៏បានបន្តទៀតថា តាំងពីលោក ឯម វឌ្ឍនា ឡើងមុខគ្រប់គ្រងជាអធិការស្រុកស្ទឹងត្រង់មក ពួកគាត់ដូចជាមិនដែលឃើញលោកអធិការរូបនេះបង្ក្រាបល្បែងស៊ីសងម្ដងណាឡើយឱ្យប្រជាពលរដ្ឋមើលឃើញពីស្នាដៃគាត់នោះទេ។

ពាក់ព័ន្ធនឹងល្បែងស៊ីសងខាងលើនេះ អង្គភាពសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការស្រាយបំភ្លឺពីលោក ឯម វឌ្ឍនា បាននៅឡើយទេក្នុងថ្ងៃនេះ ដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។

យ៉ាងណាក៏ដោយពលរដ្ឋនិងមហាជនសំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល់ សូមមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299