សង្គម

ចុងសប្ដាហ៍ទី២ខែមីនា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់កើនឡើង ២៧.៣០% ធៀបនឹងចុងសប្តាហ៍កន្លងទៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានប្រាប់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន២៥៣,៨៧៦នាក់ ក្នុងនោះភ្ញៀវជាតិ២៤២,១៨៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៦៨៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៧,១១០នាក់, ខេត្តពោធិ៍សាត់ ២៨,៧២៤នាក់, រាជធានីភ្នំពេញ ២៨,៤១៩នាក់, ខេត្តសៀមរាប ២៧,៥៤៣នាក់, ខេត្តបាត់ដំបង ២៣,៩៩០នាក់, ខេត្តកំពត ២៦,១៣៦នាក់, ខេត្តកំពង់ស្ពឺ ១២,៥០៩នាក់, ខេត្តកែប ១១,៤៤៣នាក់។

រដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក បន្តមានសន្ទុះវិជ្ជមានគួរកត់សម្គាល់។ ជាក់ស្តែង តួលេខខាងលើបន្តកើនឡើងប្រមាណ២៧.៣០% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលជាអត្រាកំណើនមួយខ្ពស់ និងកើនឡើងរហ័ស។

លោកបានបន្តទៀតថា ចំនួនភ្ញៀវទេសចរប្រមាណ២៥ម៉ឺននាក់ក្នុងសប្តាហ៍នេះ គឺចាប់ផ្តើមមានចំនួនប្រហាក់ប្រហែលនឹងស្ថានភាពធម្មតាមុនពេលការកម្រើកឡើងនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនាដើមខែកុម្ភៈ ឆ្នាំ២០២២នេះ៕