ជីវិតកម្សាន្ត

ក្រសួងវប្បធម៌តម្រូវឱ្យ​ចង់ថតភាពយន្ត ឬថតស្ប៉តពាណិជ្ជកម្ម ត្រូវ​សុំ​ច្បាប់​ទៅ​ក្រសួងសិន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ បានចេញសេចក្តីណែនាំ​មួយ​ដល់ផលិតករ សេវាករ អង្គការ និងក្រុមហ៊ុនថតភាពយន្តទាំងក្នុង និងក្រៅប្រទេសទាំងអស់ដែលមានបំណងចង់ផលិតភាពយន្តឯកសារ ចម្រៀងកាយវិការ និងស្បតពាណិជ្ជកម្ម ដោយ​ផលិតករត្រូវទៅ​ដាក់ពាក្យស្នើសុំជាមុនសិន នៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌បានអះអាង ការដាក់ពាក្យស្នើសុំមុនមកក្រសួងវប្បធម៌ គឺដើម្បីសម្រួលដល់ទម្រង់នៃការស្នើសុំថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្ប៉តពាណិជ្ជកម្មផ្សេងៗ ដោយជៀសវាងការខាតបង់ពេលវេលានៃការស្នើសុំដោយប្រយោល ឬដោយវិធីផ្សេងតាមរយៈអង្គភាពផ្សេងៗទៀត។

ក្នុងការដាក់ពាក្យ​ស្នើ​សុំ​នោះ ផលិតករ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារពាក់ព័ន្ធ មានជាអាទិ៍ លិខិតស្នើសុំថត អត្ថបទនិពន្ធរឿងពិស្តារ អត្ថបទសង្ខេបខ្លឹមសារ កម្មវិធី និងទីកន្លែងថត។ល។

បើតាម​ក្រសួងវប្បធម៌ ផលិតករទាំងអស់អាចស្នើសុំកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីទាក់ទងសម្រាប់ដាក់ពាក្យស្នើសុំមកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលមានអាសយដ្ឋាន អគារលេខ៧០ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ឬទំនាក់ទំនងតាមលេខទូរសព្ទ (៨៥៥) ២៣ ២១៥ ៤៦៩ និង (៨៥៥) ១១ ៤៤៧ ៧៨៩ (សម្រាប់ជនបរទេស) ឬតេលេក្រាម (៨៥៥) ១២ ៩៧៧ ៩៧៧៕