សង្គម

ក្រសួងដែនដី នឹងរុះរើ ផ្តន្ទាទោសពិន័យជាប្រាក់ដាក់ពន្ធនាគាររហូតដល់ការរំលាយក្រុមហ៊ុនឬក្រុមជាងបើរកឃើញថា សំណង់មិនមានលិខិតអនុញ្ញាត

សំណង់ដែលគ្មានលិខិតអនុញ្ញាត មិនមានប្លង់ស្ថាបត្យកម្មនិង ប្លង់គ្រឿងផ្គុំសំណង់ត្រឹមត្រូវ ពុំត្រូវបានអនុញ្ញាតឱ្យសាងសង់ឡើយ ហើយអាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិហាមឃាត់ការសាង​សង់ និង រុះរើ ព្រមទាំងការផ្តន្ទាទោសពិន័យជាប្រាក់ ការផ្ដន្ទាទោសដាក់ពន្ធនាគារ និងការរំលាយក្រុមហ៊ុនឬក្រុមជាង ជាដើម។

នេះបើតាមលិខិតរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដើម្បីជម្រាបទៅដល់គ្រប់ម្ចាស់ក្រុមហ៊ុនសាងសង់និងក្រុមជាងសំណង់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអនុញ្ញាតក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ សាងសង់សំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ក្រសួងរៀបចំដែនដី នឹងចាត់មន្រ្តីអធិការកិច្ចសំណង់ ឲ្យចុះទៅត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ដើម្បីចាត់ វិធានការ «ដកហូតអាជ្ញាបណ្ណ លិខិតអនុញ្ញាតិប្រកបអាជីវកម្មសាងសង់ និងការដាក់ទណ្ឌកម្មផ្សេងៗទៀត»ចំពោះ ក្រុមហ៊ុន ឬក្រុមជាងសំណង់ ដែលសាងសង់សំណង់ដោយគ្មានការអនុញ្ញាត។

បន្ថែមពីនេះ មន្រ្តីអធិការកិច្ចសំណង់របស់ក្រសួងដែនដី អាចកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរដើម្បីស្នើសុំឲ្យ ចាត់វិធានការផ្សេងៗទៀត ដូចជារឹបអូសសម្ភារៈ បរិក្ខារ ឧបករណ៍ ពិន័យជាប្រាក់ ផ្តន្ទាទោសដាក់ពន្ធនាគារនិងអាច ឈាន ទៅដល់«រំលាយក្រុមហ៊ុនសំណង់ ឬក្រុមជាងសំណង់»។

ក្រសួងដែនដី ចាត់ទុកការសាងសង់សំណង់ដោយគ្មានការអនុញ្ញាត ថាជាអំពើខុសច្បាប់ពីព្រោះគម្រោងសាងសង់នោះ មិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ច។ ក្រសួងដែនដី បន្តថាការសាងសង់សំណង់ ដែលគ្មានការអនុញ្ញាតអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព គុណភាព និងសុវត្ថិភាពសំណង់៕