អាជ្ញាធរស្រុកតាមបណ្តោយព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានពលករខ្មែរជាច្រើនបានបន្តសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ដោយគ្រាន់តែថ្ងៃទី៣ ខែមីនា មានពលករខ្មែរប្រមាណ ១១៨នាក់ បានត្រឡប់មកកម្ពុជាតាមច្រកទ្វារព្រំដែនភូមិពោធិ៍ជ្រៃ ក្នុងស្រុកសំពៅលូន ក្នុងនោះគេក៏បានតេស្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ផងដែរ។
បើតាមលោក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា ក្រុមការងារសម្រេចទទួលពលករខ្មែរចំនួន១១៨នាក់ ក្នុងនោះស្រី៣១នាក់ ក្មេង១៤នាក់ ដែលសម្រុកចូលតាមច្រកទ្វារព្រំដែនភូមិពោធិ៍ជ្រៃ។ លោកបន្តថា ក្រោយពីទទួលបានក្រុមពលករភ្លាម កងកម្លាំងយើងបានធ្វើការកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ និងសុំឱ្យមានកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីត្រួតពិនិត្យសម្ភារៈហាមឃាត់ (ចំពោះអ្នកត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក) ដោយបានដកហូតកាំបិតចំនួន៨ដើម និងបានប្រគល់ក្រុមពលករទាំងនោះទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន យកសំណាកធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ផ្ទាល់តែម្ដង។
ជាលទ្ធផល គេបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យពលករ ដែលមានបណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវចំនួន៦២នាក់ ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ។
ចំណែកអ្នកមានបណ្ណចាក់វ៉ាក់សាំងតែស្កេនអត់ចេញចំនួន៥០នាក់ ត្រូវបញ្ជូនបន្តទៅកាន់មណ្ឌលចត្តាឡីស័ក ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមាផងដែរ ៕