នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ គឺជាទិវាវប្បធម៌ជាតិលើកទី២៤ ដែលឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។
សម្រាប់ទិវាវប្បធម៌ជាតិឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ទោះជាឆ្នាំ២០២២នេះ ទិវាវប្បធម៌ជាតិ ត្រូវបន្តរៀបចំទៅតាមគន្លងប្រក្រតីភាពបែបថ្មីក៏ដោយ ប៉ុន្តែនេះគឺជាស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងចំពោះវប្បធម៌ជាតិ និងចំពោះសុខភាពសាធារណៈ ពិសេសក្នុងកាលៈទេសៈដែលវីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុង បាននិងកំពុងរីករាលដាលឆ្លងខ្លាំងគួរឱ្យកត់សម្គាល់នៅក្នុងសហគមន៍របស់យើង។
ទោះបីជារងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក្តី សម្តេចតេជោបានបញ្ជាក់ថា សិល្បៈវប្បធម៌កម្ពុជានៅតែមានភាពធន់ ប្រៀបបានទៅនឹងកងទ័ពជួរក្រោយ ដែលតែងតែបង្ហាញសកម្មភាពជាប្រចាំក្នុងការជួយជំរុញលើកទឹកចិត្តដល់កងទ័ពជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងតតាំងជាមួយមេរោគដ៏កាចសាហាវមួយនេះ។
ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ឧស្សាហកម្មចម្រៀង និងភាពយន្តខ្មែរ ពិសេសភាពយន្តសម្រាប់ចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ គឺត្រូវបានផលិតជាស្នាដៃនិពន្ធថ្មីបានកាន់តែច្រើន ហើយគុណភាពក៏កាន់តែល្អប្រសើរ ស្របទៅតាមតម្រូវការសង្គមបច្ចុប្បន្ន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត និងឆន្ទះរបស់បងប្អូនជនរួមជាតិ នៅក្នុងវិស័យឯកជនទាំងអស់ ដែលបានខិតខំនិពន្ធ និងបង្កើតស្នាដៃសិល្បៈថ្មីៗ ដែលមានគុណភាពស្របតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយក្នុងនោះក៏មានការចូលរួមជួយលើកកម្ពស់សិល្បៈវប្បធម៌បុរាណខ្មែរនៅក្នុងស្នាដៃនិពន្ធថ្មីរបស់ខ្លួនផងដែរ។
សម្តេចតេជោបានសម្តែងក្តីរំពឹងថា ឧស្សាហកម្មភាពយន្ត ចម្រៀង និងតន្រ្តី គឺជាឧស្សាហកម្មច្នៃប្រឌិតនៅក្នុងវិស័យវប្បធម៌ដែលមានសក្តានុពលមិនចេះរីងស្ងួត ដែលតួអង្គក្នុងវិស័យឯកជនទាំងអស់ត្រូវខិតខំទាញយកឱកាសទាំងនេះឱ្យបានជាអតិបរមា ជាពិសេសនៅពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការឡើងវិញនូវសកម្មភាពសង្គម និងសេដ្ឋកិច្ច រួមទាំង សារមន្ទីរ រោងភាពយន្ត រោងសម្តែងសិល្បៈ ក៏ដូចជាការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានាជាដើម៕