បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងកំឡុងមួយសប្តាហ៍ខាងមុខនេះ ពោលគឺពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមីនា ព្រះរាជាណាចក្រកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅសប្តាហ៍នេះ កម្ពុជានឹងទទួលនូវឥទ្ធិពលចំនួន២ ក្នុងនោះ ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាបដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ, ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពល នៃសម្ពាធទាប ដែលកើតឡើងនៅលើប្រទេសកម្ពុជា និងថៃ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអាចមានពី២២ ទៅដល់៣៦អង្សា ក្នុងនោះអាចមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំនិងផ្ទរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពពី២២ ទៅ៣៦អង្សា និងអាចមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំនិងផ្ទរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអាចមាពី២១ ដល់៣០អង្សា ហើយអាចមានភ្លៀងលាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ៕