យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជានឹងរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជនចូលរួមកាន់តែសកម្មឡើងថែមទៀតក្នុងការថែរក្សា និងការពារមរតកវប្បធម៌ជាតិ។
សម្រាប់ទិវាវប្បធម៌ជាតិនៅឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការណែនាំតាមរយៈសារាចរទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរដែនដី អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយ ទាំងនៅលើទីតាំងផ្ទាល់ និងតាមបណ្តាញសង្គម។
ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា ឱ្យទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជន ដែលរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងឯកសារពាក់ព័ន្ធ ដើម្បីបំផុសឱ្យសាធារណជនយល់ដឹង និងចូលរួមកាន់តែសកម្មនៅក្នុងការថែរក្សា លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ សីលធម៌សង្គម និងសុខដុមនីយកម្មសង្គម ដោយមិនមានការរើសអើងផ្នែកនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។
បើតាមសារាចរដដែល ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ដោយអនុវត្តតាមគន្លងប្រក្រតីភាពថ្មី។
ក្រសួងទេសចរណ៍វិញ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។
សារាចររបស់រាជរដ្ឋាភិបាល ក៏បានណែនាំទៅដល់គ្រប់លំនៅដ្ឋាន គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សាលារៀន រោងចក្រ សហគ្រាសរដ្ឋ និងឯកជន ត្រូវចូលរួមអបអរទិវាវប្បធម៌ជាតិ តាមគន្លងប្រក្រតីភាពថ្មី និងតាមមធ្យោបាយផ្សេងៗដែលមាន ដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ ឬសកម្មភាពសមរម្យនានា នៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម ឱ្យបានព្រមៗគ្នានាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២០០៦មក រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» ។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
ទន្ទឹមគ្នានេះ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជនដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕