បន្ទាប់ពីការវាយប្រហាររបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃម្សិលមិញមកលើប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សអស់ប្រមាណជាង១០០នាក់ និងរបួសជាង៤រយនាក់ នៅថ្ងៃនេះ កងទ័ពរុស្ស៊ីបានវាយសន្ធាប់កាន់តែខ្លាំង តាមផ្លូវអាកាស ក៏ដូចជាផ្លូវគោក តម្រង់ឆ្ពោះមកកាន់ទីក្រុងកៀវ ដែលជាបេះដូងនៃប្រទេសអ៊ុយក្រែន។
បើទោះជាមានមានការវាយប្រហារដ៏ខ្លាំងក្លាយ៉ាងណាក៏ដោយ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្តេជ្ញាថា លោកនឹងបន្តស្នាក់នៅក្នុងរដ្ឋធានី កៀវ ដោយមិនចាកចេញទៅណាឡើយ។
ក្នុងសារវីដេអូនៅថ្ងៃសុក្រនេះ ប្រធានាធិបតី Zelenskyy បានថ្លែងថា ខ្មាំងសត្រូវបានកំណត់ក្បាលលោកជាគោលដៅទីមួយ ហើយក្រុមគ្រួសារលោកជាគោលដៅទី២ ។ ពួកគេចង់កម្ទេចក្បាលម៉ាស៊ីននយោបាយអ៊ុយក្រែន ដោយកម្ទេចចោលប្រមុខរដ្ឋតែម្ដង។ ទោះព្រមានបែបនេះក្តី លោកអះអាងថា «ខ្ញុំនឹងបន្តស្នាក់នៅក្នុងរដ្ឋធានី [កៀវ]។ ក្រុមគ្រួសារខ្ញុំ ក៏បន្តនៅក្នុងអ៊ុយក្រែនដែរ»។
សូមបញ្ជាក់ថា សម្រាប់១ថ្ងៃដំបូង ពោលគឺកាលពីថ្ងៃម្សិលមិញ រុស្ស៊ីបានបើកការវាយប្រហារ ចំនួន២០៣លើក ចេញពី៣ច្រក (ជើង កើត និងពីខាងត្បូង) ហើយបានបំផ្លាញ មូលដ្ឋានយោធាអ៊ុយក្រែន រហូតដល់៧៤កន្លែង។
បើតាមសេចក្តីរាយការណ៍ប៉ុន្មានម៉ោងចុងក្រោយនេះថា កងទ័ពរុស្ស៊ីវាយដណ្ដើមបានទីតាំងផលិតថាមពលនុយក្លេអ៊ែរ Chernobyl ដែលជាតំបន់ហ៊ុមព័ន្ធខ្លាំងដោយសារធាតុវិទ្យុសកម្ម ក្រោយឧប្បទ្ទវហេតុឆ្នាំ១៩៨៦ ៕