នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយធ្វើការថ្កោលទោសលោក គឹម ហ៊ាង ដែលគេដឹងថា ជាអ្នករកស៊ីផ្នែកអចលនទ្រព្យដ៏ល្បីល្បាញនៅប្រទេសកម្ពុជា ក្រោយពីលោកបានប្រើប្រាស់ពាក្យសម្តីថា ការអភិវឌ្ឍន៍នៅខេត្តសៀមរាបមិនមានការរីកចម្រើន ដោយសារតែការអភិរក្សជ្រុលហួស។
ការថ្លែងដែលមានរយៈពេលជិត៤នាទី របស់លោក គឹម ហ៊ាង នៅក្នុងសិក្ខាសាលាមួយស្តីពីអនាគត នៃវិស័យអចលនទ្រព្យខេត្តសៀមរាប និងដែលត្រូវបានគេធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា គឺជាសម្តីវាយប្រហារមិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ចការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញ នៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃ នៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឲ្យមានចលនាទិញ លក់ដូរ អចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាបអង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អណាធិបតេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។
ក្នុងនោះដែរ ក្រសួងវប្បធម៌ ក៏បានចាត់ទុកសម្តីរបស់លោក គឹម ហ៊ាង ក៏បានធ្វើឲ្យប៉ះពាល់ទៅលើកិច្ចខិតខំប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឲ្យបង្កើតយន្តការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ដែលប្រមូលផ្តុំដោយអ្នកជំនាញការជាតិ អន្តរជាតិ ដែលមានអាយុកាលជាង ៣០ឆ្នាំ បានរួមគ្នាមកសង្រ្គោះ និងការពារអង្គរ ក្នុងនោះបានប្រើប្រាស់ថវិកាច្រើនជាង ៥០០លានដុល្លារ ព្រមទាំងជួយបណ្តុះបណ្តាលនូវធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពារបេតិកភណ្ឌជាតិយើង។
បើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ ការអភិរក្ស និងអភិវឌ្ឍក្នុងតំបន់បេតិកភណ្ឌពិភពលោក គឺជាយន្តការ នៃការរក្សាលំនឹងមួយយ៉ាងប្រុងប្រយ៧ត្ន និងត្រូវគោរពជាដាច់ខាតនូវគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ រួមទាំងក្រឹត្យក្រម និងការអនុវត្តនានាដែលមានជាធរមាន ដើម្បីធានាដល់ការអភិវឌ្ឍមួយប្រកបដោយចីរភាព និងរក្សាឲ្យបានជាដាច់ខាតនូវកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក និងក៏ជាកិត្យានុភាពរបស់ជាតិ និងប្រជាជនកម្ពុជាលើឆាកអន្តរជាតិផងដែរ៕