សង្គម

ដោយសារ​ស្ថានភាពកូវីដ១៩ សម្តេចតេជោ​លើក​ពេលជួបជាមួយ​សិស្ស​និទ្ទេស A

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​ពីការលើកពេលជួបជាមួយ​សិស្ស​និទ្ទេស​អេ​( A) ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​ ទៅ​ពេល​ក្រោយ​វិញ ​ដោយសារ​កូ​វីដ​-១៩ មេរោគ​បំប្លែង​ថ្មី​ឈ្មោះថា អូ​មី​ក្រុង បាន​នឹង​កំពុង​រីក​រាលដាល​នៅ​ទីក្រុង​ភ្នំពេញ។

សម្តេចតេជោបានសរសេរនៅលើ​បណ្តាញ​សង្គម​កាលពីល្ងាចថ្ងៃទី១៤ កុម្ភៈ ថា ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេស A​ និងអ្នកចូលរួម​ ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨​ កុម្ភ: ២០២២​ ទៅពេលក្រោយវិញ។ សម្តេចបញ្ជាក់ថា ការរក្សាជីវិត​ និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ ហើយថា ការ​រក្សា​បាន​ជីវិត និង​មាន​សុខភាពល្អ គឺមិនខ្វះទេ​ពេលវេលា​នៃការ​ជួបជុំ។

ជាមួយគ្នានេះ សម្តេចក៏​សង្ឃឹមដែរថា សិស្សនិទ្ទេស A ដែលគ្រោង​ជួបសម្តេច និង​ក្រុមគ្រួសារ នឹង​មានការ​យោគ​យល់​នូវ​ការ​លំបាកនេះផងដែរ។

សូម​បញ្ជាក់ដែរថា បើយោង​តាមទិន្នន័យរបស់​ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ កុម្ភៈ កម្ពុជាមាន​ករណី​ឆ្លង​វីរុស​កូវីដ១៩ថ្មីចំនួន ៥១២​នាក់ ដែលសុទ្ធសឹងតែជាប្រភេទ​អូមីក្រុង​ទាំងអស់៕