សង្គម

ប្រជាពលរដ្ឋទិញផ្ទះក្រុមហ៊ុន បុរី VIP នៅខេត្តព្រះសីហនុ គ្រោងស្នើសុំអន្តរាគមន៍​ពីសម្តេចតេជោ

ប្រជាពលរដ្ឋ ដែល​បាន​ទិញ​ផ្ទះល្វែង របស់​ក្រុមហ៊ុន បុរី​វី​អាយ​ភី (VIP) ស្ថិតក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គ្រោង​នឹង​នាំគ្នា​ឡើងមក​សុំ​អន្តរាគមន៍ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ឲ្យ​ជួយ​រក​យុត្តិធម៌ ដល់​ពួកគាត់ រឿង​ក្រុមហ៊ុន បុរី​វី​អាយ​ភី (VIP) របស់លោក ហម រ៉​ន និង​លោក វន វណ្ណៈ មិន​គោរព​តាម​កិច្ចសន្យា និង​មិន​ព្រម​សាងសង់​ផ្ទះ ជូន​ពួកគាត់ តាម​កិច្ចសន្យា​។​

ការគ្រោង​នាំគ្នា​មកសុំ​អន្តរាគមន៍ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ ប្រមាណ​ជា ៣០០​នាក់ បាននាំគ្នា​ធ្វើការ​តវ៉ា នៅមុខ​ក្រុមហ៊ុន បុរី​វី​អាយ​ភី ស្ថិតនៅ​ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ មិន​ទទួលបាន​ដំណោះស្រាយ​។ ដោយ​ការតវ៉ា​របស់​ពួកគាត់ គឺ​ទាមទារ​ឲ្យ​លោក ហម រ៉​ន និង​លោក វន វណ្ណៈ ដែលជា​ម្ចាស់​ក្រុមហ៊ុន ចេញមុខ​មក​ដោះស្រាយ ដោយផ្ទាល់ ជាមួយ ពួកគាត់ ពីព្រោះ​ពួកគាត់ បាន​បង់លុយ គ្រប់​ចំនួន​អស់ហើយ ប៉ុន្តែ​ក្រុមហ៊ុន មិន​ព្រម សាងសង់​ផ្ទះ តាម​កិច្ចសន្យា​នោះទេ ដោយ​គេចវេស​មិន​ព្រម​ចូលមក​ដោះស្រាយ​។​

​ប្រជាពលរដ្ឋ បានឱ្យដឹងថា ពួកគាត់​បាន​ទិញ​ផ្ទះល្វែង របស់​ក្រុមហ៊ុន បុរី​វី​អាយ​ភី អ្នកខ្លះ​បង់​រំលស់ និង​មួយចំនួនទៀត គេ​មាន​លុយ​បង់​ផ្តាច់ ដោយមាន​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ ជាមួយ​ភាគី ខាង​ក្រុមហ៊ុន​។ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ជាង ២​ឆ្នាំ​ហើយ ពួកគាត់​ដែល​បាន​ទិញ​ផ្ទះ ប្រមាណ ៩០ ភាគរយ នៅ​មិនទាន់​ទទួលបាន​ផ្ទះ នៅឡើយ​ទេ​។ ពីព្រោះ នៅ​ទីតាំង​ដី ឃើញ​មាន​សសរ​បង្គោល​បុកគ្រឹះ ក្នុង​មួយ​ទីតាំង មាន​ចំនួន​៥ ទៅ ៦ ដើម និង​កន្លែង​ខ្លះ អត់​ទាន់​មាន​បុកគ្រឹះ នៅឡើយ​ទេ​។

ដោយសារតែ​លែងមាន​ជំនឿ​ទុកចិត្ត លើ​ភាគី​ក្រុមហ៊ុន បុរី​វី​អាយ​ភី ដែល​តែងតែ​សន្យា ខ្យល់ មិន​ព្រម​ដោះស្រាយ ប្រជាពលរដ្ឋ បានស្នើ​សូម​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ អភិបាល ខេត្ត​ព្រះសីហនុ និង​ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មេត្តាជួយ​អន្តរាគមន៍ ដល់​យុត្តិធម៌ និង​ការរក​ដំណោះស្រាយ ឲ្យ​ពួកគាត់​ផង ពីព្រោះ ពួកគាត់ ភាគច្រើន ខ្ចីលុយ​ធនាគារ យកមក​ទិញ​ផ្ទះ ហើយ​មកដល់ពេលនេះ ផ្ទះ​ក៏​មិនបាន​នៅ លុយ​ធនាគារ ក៏​កាន់តែច្រើន​។​

ចំពោះករណីនេះ យើង​មិន​អាចទាក់ទងរកការបំភ្លឺពី​លោក ហម រ៉​ន និង​លោក វន វណ្ណៈ ដែលជា​ម្ចាស់​ក្រុមហ៊ុន បុរី​វី​អាយ​ភី (VIP) បាននៅឡើយទេនៅថ្ងៃនេះ៕