សង្គម

ទីបំផុតលោកឧកញ៉ា ឌួង ងៀប ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ ឆបោក និង​ចេញសែកស្អុយ

លោកឧកញ៉ា ឌួង ងៀប និង​ក៏​មានតួនាទីជា​ឧត្តម​សេនីយ៍​ឯកនៅ​ក្រសួងមហាផ្ទៃ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២២នេះ ហើយ​ត្រូវ​បាន​បញ្ជូនទៅ​ដាក់ពន្ធនាគារ​ PJ ជា​បណ្តោះអាសន្ន ពីបទ «​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​»​។​

សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌួង ងៀប ត្រូវបាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក នៅ​ចំណុច​មុខ​សណ្ឋាគារ​ដឹ​គ្រី ផ្លូវ​ឌួង​ងៀប សង្កាត់​អូរ​បែកក្អម រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឱ្យ​នាំខ្លួន​របស់​តុលាការ​។​

​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង បន្ទាប់ពី លោក ឌួង ងៀប បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​មួយ កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​ចោទប្រកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា បាន​ចាត់ការ​សំណុំរឿង​របស់គាត់ ប្រែ​ពីស​ទៅ​ខ្មៅ និង​ចោទប្រកាន់​រូបគាត់​ថា បាន​ឆបោក​ជនជាតិ​តៃវ៉ាន់​។​

​បើតាម​សេចក្តីបំភ្លឺ​របស់ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​បញ្ជាក់ថា លោក ឌួង ងៀប ត្រូវបាន​ប្តឹង​ដោយ ឈ្មោះ CHIH YU YEN និង​ឈ្មោះ YAO CHING KING កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការលក់​អចលនវត្ថុ​មួយកន្លែង ដែល​អ្នកទិញ​ជាដើម​បណ្តឹង បានប្រគល់​ប្រាក់​ថ្លៃ​ដី​គ្រប់ ចំនួន ៧.៣០៥.០០០$ ឲ្យ​ទៅ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែ​ជន​ត្រូវ​ចោទ​ពុំមាន​ដី​នោះឡើយ​។​

​អ្នកនាំពាក្យ​បាន​បន្តថា ក្នុងការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​នេះ លោក ឌួង ងៀប បានចេញ​មូលប្បទានប័ត្រ​ចំនួន​៣​សន្លឹក​ដែលមាន​លេខ​១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០$ លេខ​២១៣៩៩៧ មានតម្លៃ ៣.៦៥៥.០០០$ និង​លេខ​១៣២៧៨៨ មានតម្លៃ ២.០០០.០០០$ ទៅ​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​។ បន្ទាប់មក​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​យក​មូលប្បទានប័ត្រ​ទាំង​៣​សន្លឹក​នោះ ទៅ​បើកប្រាក់​នៅ​ធនាគារ ប៉ុន្ដែ​ខាង​ធនាគារ​បញ្ជាក់ថា មូលប្បទានប័ត្រ​ទាំង​៣​សន្លឹក​នោះ​គ្មាន​សាច់ប្រាក់​ទេ​៕