ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីណែនាំចំនួន៤ចំណុច ស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមសាលារដ្ឋ និងឯកជន។
ក្រសួងអប់រំ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនយល់ច្រឡំថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណិរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូច បានប្រព្រឹត្តសកម្មភាពភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លែថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ។
ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សា និងដើម្បីបន្តចូលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០២២ ដូចតទៅ៖
១៖ គ្រប់អ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដើម្បីកុំឱ្យមានការយល់ខុស អំពីអត្ថន័យនៃទិវានៃក្តីស្រឡាញ់។
២៖ គ្រប់គ្រឹះស្ថានសិក្សា និងថ្នាក់រៀនត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយត្រូវតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
៣៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។
៤៖ ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់អប់រំណែនាំ និងកែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕