សង្គម

សាលាដំបូងរាជធានីភ្នំពេញថា នឹង​មិន​អនុញ្ញាតឲ្យ​លោកឧកញ៉ា ឌួង ងៀប ប្រើប្រាស់​បណ្តាញសង្គម​ដើម្បីគេចវេស​ពីការ​ទទួល​ខុសត្រូវ​ឡើយ

ក្នុង​សេចក្តីថ្លែង​ការណ៍​ដែលចេញផ្សាយ​ជា​សាធារណៈ​កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២២ សាលា​ដំបូង​រាជធានីភ្នំពេញ បានប្រកាសថា ខ្លួន​នឹង​បន្តនីតិវិធីជាធរមាន​ចំពោះ​ករណីលោកឧកញ៉ា ឌួង ងៀប ដែល​រងបណ្តឹង​រដ្ឋប្បវេណី ពាក់ព័ន្ធករណីឆបោក និង​ចេញសែកស្អុយ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជនត្រូវចោទរូបនេះ ប្រើប្រាស់​ប្រព័ន្ធបណ្តាញ​សង្គម​ដើម្បី​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ​របស់ខ្លួន​ឡើយ។

បើតាម​សាលា​ដំបូង​រាជធានីភ្នំពេញ លោកឧកញ៉ា ឌួង ងៀប បានរងនូវ​បណ្តឹង​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ៧២១៧ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ពីបទឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញដូរបាន ពាក់ព័ន្ធនឹងការ​លក់​អចលនវត្ថុមួយ​កន្លែង ដែលអ្នកទិញជាដើមបណ្តឹង​មានឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន ៧.៣០៥.០០០$ ឲ្យ​ទៅជនត្រូវចោទ​ឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែ​ជនត្រូវ​ចោទ​ពុំ​មានដីនោះឡើយ។

ក្នុងការ​សម្របសម្រួល​ដោះស្រាយទំនាស់នេះ ឈ្មោះ ឌួង ងៀប បានចេញ​មូលប្បទានប័ត្រ​ចំនួន៣សន្លឹក ទៅឲ្យដើម​បណ្តឹង ប៉ុន្តែពេលដើមបណ្តឹង​យក​ទៅ​បើក​ប្រាក់​នៅ​ធនាគារ ខាងធនាគារ​បញ្ជាក់ថា មូលប្បទានប័ត្រទាំង​៣សន្លឹក​នោះ​គ្មាន​សាច់ប្រាក់ទេ។

សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរ​បានពិនិត្យ ផ្ទៀងផ្ទាត់ភស្តុតាង និង​សួរចម្លើយ​ជនត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ហើយ​បានសម្រេច​មិន​ឃុំ​ខ្លួន​ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ដាក់ជនត្រូវ​ចោទ​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យតាមផ្លូវ​តុលាការ តាមដីកាសម្រេច​ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២១ ដែលមាន​កាតព្វកិច្ច​តម្រូវ​ឲ្យ​ជនត្រូ​វចោទ​ដាក់ប្រាក់​ធានា​មិន​ឃុំ​ខ្លួន​ចំនួន ៥.៣០៥.០០០$ មក​តម្កល់នៅ​ក្នុងគណនីរបស់សាលា​ដំបូង​រាជធានីភ្នំពេញ​ក្នុង​រយៈ​ពេល ១ខែ តែជនត្រូវ​ចោទ​ពុំ​បាន​យក​ប្រាក់ធានា​ខ្លួន​នេះ មក​តម្កល់តាមការ​កំណត់​ក្នុង​ដីកា​សម្រេច​នោះ​ឡើយ ។ ដោយ​សារជនត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ច នៃការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចៅក្រម​ស៊ើប​សួរ​ក៏​បានចាត់វិធានការ​បន្ត​តាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌ។

គួរ​រំលឹកថា កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២២ លោកឧកញ៉ា ឌួង ងៀប តាមរយៈ​បណ្តាញ​សង្គម បានបង្ហោះវីដេអូ ដោយ​ស្នើសុំ​អន្តរាគមន៍​ពីសម្តេចតេជោ​នាយករដ្ឋមន្រ្តី ដោយបានចោទប្រកាន់​សាលា​ដំបូង​រាជធានីភ្នំពេញថា ចាត់ការ​សំណុំ​រឿង​របស់​លោក​ដោយ​ប្រែពី​ស ទៅជា​ខ្មៅ ហើយថា លោកមិនដែលស្គាល់ជនជាតិតៃវ៉ាន់ទាំងនោះទេ។ មួយ​ថ្ងៃបន្ទាប់ លោកឧកញ៉ា ឌួង ងៀប ក៏​បានធ្វើដំណើរ​ទៅ​កាន់​ពន្ធនាគារព្រៃស និងថ្លែងប្រាប់អ្នក​កាសែត​នៅ​ទីនោះថា លោក​សុខ​ចិត្ត​ដើរចូលពន្ធនាគារ ព្រោះតែ​លោក​គ្មានប្រាក់សម្រាប់​ផ្តល់ឲ្យ​តុលាការ​ទៀត​ឡើយ៕