សង្គម

ទម្លាយរឿងហេតុបណ្ដាលឱ្យលោក ឌួង ងៀប សម្រេចចិត្តដើរចូលពន្ធនាគារ

ក្រោយពីលោក ឌួង ងៀប បង្ហោះវីដេអូរយៈពេលជាង ២៣នាទី កាលពីយប់ថ្ងៃទី ០៧ ខែកុម្ភៈ គោរពស្នើសុំសម្តេច តេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ឱ្យខ្លួន ក្រោយមានការចោទប្រកាន់ថា បានឆបោកជនជាតិតៃវ៉ាន់ រួចមក ស្រាប់តែនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបានសម្រេចចិត្តឈរចាំនៅមុខមណ្ឌលអប់រំកែប្រែទីមួយតែម្ដង ដោយបានអះអាងថា លោកនឹងដើរចូលគុកដោយខ្លួនឯង បន្ទាប់ពីទទួលរងរឿងអយុត្តិធម៌នៅសាលាដំបូងរាជធានីភ្នំពេញ។

ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ដួង ងៀប ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូប នៅមុខមណ្ឌលអប់រំកែប្រែទីមួយ មានទីតាំងស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺក្រោយពេលដែលលោក បានដាច់ចិត្តទម្លាយរឿងរ៉ាវផ្ទាល់ខ្លួន នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ជុំវិញការចោទប្រកាន់ថាលោក បានឆបោកប្រាក់រាប់លានដុល្លារ ពីជនជាតិតៃវ៉ាន់ ក្នុងការបណ្ដាក់ទុនរកស៊ីជាមួយគ្នានាពេលកន្លងមក។ លោក ដួង ងៀប បានបញ្ជាក់ថា៖ “ ខ្ញុំបាទ ឌួង ងៀប សូមគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមេត្តាជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទ ដោយសុំស្នើសម្តេចទាំងពីរមេត្តាសុំជួយអន្តរាគមន៍ទៅតុលាការកំពូល ដើម្បីឱ្យតុលាការកំពូលចុះមកអធិការកិច្ចពិនិត្យមើលសំណុំរឿងរបស់ខ្ញុំបាទនៅសាលាដំបូងរាជធានីភ្នំពេញ ដែលខ្ញុំបាទបានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅ ចោទប្រកាន់ខ្ញុំបាទថា បានឆបោកជនជាតិតៃវ៉ាន់​”។

គួរបញ្ជាក់ថា ​ការចេញមុខទទូចស្នើសុំជាសាធារណៈ សំណូមពរឱ្យថ្នាក់ដឹកនាំប្រទេសជួយអន្តរាគមន៍ ក្នុងជម្លោះប្ដឹងប្ដល់នេះ ក៏ព្រោះតែលោក ដួង ងៀប បានអះអាងថា លោកអស់ផ្លូវដើរហើយនៅក្នុងជម្លោះនេះ ពោលគឺលោកបានខិតខំអស់លទ្ធភាព​និងសមត្ថភាព ដើម្បីការពារភាពស្អាតស្អំរបស់ខ្លួន ប៉ុន្តែ តុលាការដំបូង បានកោះហៅលោកជាបន្តបន្ទាប់ ហើយលោកត្រូវអស់ប្រាក់ជាបន្តបន្ទាប់រហូតលែងមានប្រាក់សម្រាប់ប្ដឹងតវ៉ាបន្ត។ លោកថា ​គិតមកទល់ថ្ងៃទី០៨ ខែកុម្ភៈ នេះ គឺសល់តែរយៈពេលពីរថ្ងៃទៀតប៉ុណ្ណោះ គឺផុតថ្ងៃនៃការកោះហៅ ហើយបើលោកមិនចូលខ្លួនទៅស្រាយបំភ្លឺទេ តុលាការនឹងចេញដីកាឃាត់ខ្លួន។ ប៉ុន្តែបើលោកទៅស្រាយបំភ្លឺ គឺមានតែការបង្គាប់ឱ្យតម្កល់លុយ ឬត្រូវបង់នេះបង់នោះ ដដែលជាដដែល ច្រើនលើកច្រើនសា។ ដូច្នេះ លោកយល់ថា ដោយហេតុលោកអស់ជំនឿលើតុលាការដំបូងរាជធានីភ្នំពេញ ទើបលោកដាច់ចិត្តមកបង្ហាញខ្លួននៅមុខមណ្ឌលអប់រំកែប្រែទីមួយតែម្ដង ប្រសិនជាលោកខុសមែន លោកសុខចិត្តចូលគុកដោយខ្លួនឯង។ ប៉ុន្តែទន្ទឹមនឹងនេះ លោកក៏នៅតែទទូចស្នើសុំថ្នាក់ដឹកនាំឱ្យមានការជួយអន្ដរាគមន៍ ព្រោះលោកថា លោកមិនបានបោកប្រាស់នរណា សូម្បីមួយរៀលខ្មែរឡើយ៕