សង្គម

ចាប់ពីថ្ងៃស្អែក រហូតដល់ពាក់កណ្តាលខែកុម្ភៈ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន

ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើការ​ព្យាករថា ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ នៅតាមបណ្តាខេត្តមួយចំនួននឹងមានភ្លៀងផ្គរពីកម្រិតខ្សោយទៅច្រើន។ ស្ថានភាពនេះ គឺដោយសារកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) រួមទាំងបន្តទទួលរងឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន)។

បើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពពី ២៣-៣៦ អង្សា ហើយ​នៅតំបន់​វាលទំនាបអាចនឹងមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង។

ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងមានសីតុណ្ហភាពខ្ពស់បំផុតអាចមានពី ៣៣-៣៦ អង្សា ហើយអាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

ចំណែកនៅ តំបន់មាត់សមុទ្រនឹងមានសីតុណ្ហភាពអប្បបរមា មានពី ២៧-៣០អង្សា ហើយអាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន៕