លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងសប្តាហ៍ទី១ ដើមខែកុម្ភៈនេះ ភ្ញៀវទេសចរណ៍សរុបជិត ១.៣លាន បានចេញដើរកម្សាន្តនៅទូទាំងប្រទេស។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ចំនួនភ្ញៀវទេសចរជិត១.៣លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនសម្បើមមួយទៀតសម្រាប់ដើមឆ្នាំ២០២២នេះ បន្ទាប់ពីចរន្តភ្ញៀវទេសចរប្រមាណ២លាននាក់នាឱកាសឆ្លងឆ្នាំសកលកន្លងមក ខណៈដែលកាលពីឆ្នាំ២០២១ ពិធីបុណ្យភ្ជុំបិណ្ឌទទួលបានភ្ញៀវសរុប្រមាណជាង៦៦ម៉ឺននាក់ ហើយកាលពីព្រះរាជពិធីបុណ្យអុំទូកមានភ្ញៀវសរុបប្រមាណជាង៩១ម៉ឺននាក់។
ទោះបីជាពិធីបុណ្យចូលឆ្នាំចិនកាលពីដើមខែនេះមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការ ប៉ុន្តែលំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានាបានបន្តប្រមើលមើលពីកាលានុវត្តភាពនៃការងើបឡើងដ៏រហ័សនៃវិស័យទេសចរណ៍ ពិសេសសម្រាប់ឆ្នាំ២០២២នេះតែម្តង។
ទន្ទឹមនឹងនេះ ចរន្តភ្ញៀវដ៏ផុសផលនេះ ក៏បានបង្ហាញផងដែរថា មូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍ បានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗផងដែរ៕