នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសុំអធ្យាស្រ័យចំពោះការលើកឡើងដោយភ័ន្តច្រឡំថា ជនជាតិអូស្រ្តាលីដែលសម្តេចបានស្នើរទៅមេដឹកនាំមេយ៉ាន់ម៉ា ត្រូវបានដោះលែងនោះ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ជាក់ស្តែងជនជាតិអូស្រ្តាលីរូបនោះនៅមិនទាន់បានដោះលែងនៅឡើយទេ។
«ព្រឹកមុិញខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើរសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ ការភន្ត័ច្រឡំនេះបណ្តាលមកពីខ្ញុំទទួល បានព័ត៌មានខុសដែលខ្ញុំសូមអាធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ» – សម្តេច ហ៊ុន សែន
សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ ពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា របបសឹកភូមាយល់ព្រមដោះលែងសាស្ត្រាចារ្យម្នាក់សញ្ជាតិអូស្ត្រាលីដែលជាមនុស្សរបស់លោកស្រី អង់សាន ស៊ូជី ក្រោយពីសម្តេចបានស្នើទៅលោក មិនអ៊ុង ឡាំង នៅក្នុងដំណើរទស្សនកិច្ចនៅភូមាកាលពីដើមខែមករា។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានធ្វើការបំភ្លឺដែរថា ទោះបីជាហេតុការណ៍នេះ កើតឡើងដោយអចេតនាក្តី អ្នកនាំពាក្យសូមរំលឹកថា នៅក្នុងកិច្ចពិភ្សាជាមួយនាយឧត្តមសនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកពីករណីលោកសាស្រ្តាចរ្យ សន ធើនណល ហើយទទួលបានការធានាពីនាយឧត្តមសនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណាករណីនេះឡើងវិញបន្ទាប់ពីដំណើរការតុលាការត្រូវបានបញ្ចប់៕