សង្គម

បែកធ្លាយ! លោកផ្កាយ៣ម្នាក់ មានតួនាទីជាអគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ស៊ីដាច់ប្រាក់គេជាង៧ម៉ឺនដុល្លារ រឿងរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ?

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មាន​ពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធជាច្រើនច្បាប់ រួមទាំងរូបថតចុងចម្លើយ ត្រូវ​បាន​គេ​ផ្ញើ​តាមរយៈប្រពន្ធអេឡិចត្រូនិច (តេឡេក្រាម) ដែលភាគីអះអាងថា ជាជនរងគ្រោះ បានដាក់ពាក្យ​ប្តឹងទៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយ​ចោទប្រកាន់លោកផ្កាយ៣ អគ្គនាយករងពន្ធនាគារ គឺលោក អ៊ិន រស្មីឬទ្ធា (ហៅ សុខ វ៉ាន់នា) ពីបទ «ឆបោក លើទឹកប្រាក់ ៧១ ០០០ដុល្លារអាមេរិក»។

ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា (ហៅ សុខ វ៉ាន់នា) បានមកប្រើល្បិចអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខណ្ឌនគរបានជាតិ សម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ដែលខ្លួនមានឋានន្ទរស័ក្តិផ្កាយ៣ អាចជួយឲ្យចូលក្របខណ្ឌបាន តម្រូវយកប្រាក់ក្នុងម្នាក់ ពី១ម៉ឺនដុល្លារអាមេរិកឡើងទៅ ដោយធានាថា រយៈពេល២ទៅ ៣ខែ នឹងបានចូលក្របខ័ណ្ឌ បើមិនបានទេនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ។

ដោយមានការជឿទុកចិត្តជនរងគ្រោះ ក៏បានប្រគល់ប្រាក់ចំនួន ៧.១០០០ដុល្លារ ឲ្យទៅឈ្មោះ អ៊ិន រស្មីឬទ្ធា (ហៅ សុខ វ៉ាន់នា) ដើម្បីឲ្យមនុស្ស៧នាក់ បានចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ ប៉ុន្តែក្រោយពេលទទួលបានប្រាក់ហើយ មកដល់បច្ចុប្បន្ននេះ ឈ្មោះ អ៊ិន រស្មីឬទ្ធា (ហៅ សុខ វ៉ាន់នា) មិនបានឲ្យបងប្អូនជនរងគ្រោះចូលក្របខណ្ឌទេ ហើយក៏មិនបានប្រគល់ប្រាក់ឲ្យដើមបណ្តឹងវិញ ដូចការអះអាងនោះដែរ ថែមទាំងគេចខ្លួនតែម្តង។

យ៉ាងណាក៏ដោយ ពាក្យ​បណ្តឹង​នោះ​ក៏​បានដល់ដៃក្រសួងមហាផ្ទៃ​ ហើយ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅឈ្មោះ អ៊ិន រស្មីឬទ្ធា (ហៅ សុខ វ៉ាន់នា) លើកទី១ នឹងលើកទី២ ដើម្បីចូលបំភ្លឺលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ប៉ុន្តែចុងចម្លើយមិនបានចូលខ្លួនទាំង២លើក តាមការកំណត់នោះឡើយ។ ហើយបើតាម​ប្រភពច្បាស់ការណ៍ថា ពាក្យបណ្តឹងនោះ សមត្ថកិច្ចនឹងត្រៀមបញ្ជូនទៅតុលាការ បើសិនជាភាគីទាំងពីរ មិនអាចដោះស្រាយបញ្ចប់គ្នាបាន នៅចំពោះមុខនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ។

សារព័ត៌មានមិនអាចរកការទំនាក់ទំនងទៅលោកផ្កាយ៣ អគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ដើម្បីស្រាយបំភ្លឺនូវការចោទប្រកាន់នោះបានទេ នាពេលនេះ ព្រោះគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនងសារព័ត៌មានយើងខ្ញុំ រង់ចំាការបំភ្លឺគ្រប់ពេល៕

ទំនាក់ទំនងព័ត៌មាន:010840732/061881299
ដោយ:សុិន ខ្វាន់ឆា