កំពត – កាសុីណូមួយកន្លែងដែលមានយីហោ សុខ គីមម៉េង ស្ថិតនៅច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម តន់ហន់ ក្នុងភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ត្រូវគេរាយការណ៍ថា បានបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាងគគ្រឹកគគ្រេង ក្នុងនោះគេឃើញមានទាំងឡានពាក់ស្លាកលេខ ខ.ម ថែមទៀត។
ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងកាស៊ីណូ ផ្ទុយទៅនឹងច្បាប់របស់រដ្ឋនេះ ត្រូវគេដាក់ការសង្ស័យថា អាចមានការរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធរបស់អាជ្ញាធរពាក់ព័ន្ធ ព្រោះថា ការបើកឲ្យជនជាតិខ្មែរចូលលេងនេះ បានកើតឡើងជាយូរមកហើយដែរ ប៉ុន្តែគេមិនឃើញអាជ្ញាធរមានសមត្ថកិច្ចចុះទៅធ្វើការហាមឃាត់ ឬបង្រ្កាបនោះឡើយ។
ចំពោះករណីនេះ យើងមិនអាចស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយទេនៅថ្ងៃនេះ។
យ៉ាងណាប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត ក៏បានសំណូមពរដល់ស្នងការ ក៏ដូចជាលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាពិនិត្យមើលទីតាំងកាស៊ីណូខាងលើនេះផង ព្រោះសកម្មភាពនេះ គឺផ្ទុយទៅនឹងច្បាប់របស់ប្រទេសកម្ពុជា ដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូនោះទេ ពោលគឺអនុញ្ញាតឲ្យតែជនបរទេសតែប៉ុណ្ណោះ៕