ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារ នៅទីក្រុងប៉េកាំង ប្រទេសចិន។
បើតាមការគ្រោងទុក ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។
ដូចសព្វដងដែរ ក្នុងឱកាសនៃព្រះអវត្តមានព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងនេះ រាល់ព្រះរាជតួនាទី និងភារកិច្ចរបស់ព្រះអង្គ នឹងត្រូវប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភា។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា កម្ពុជា គឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន ហើយបានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិន ជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារនេះ។
សូមបញ្ជាក់ថា ប្រទេសចិនបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការរៀបចំកម្មវិធីនេះ ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិនៃការរីករាតត្បាតជាសកលជំងឺ Covid-19។ ប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាពសុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ៕