លោក ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើឲ្យការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច អាចបោះជំហានទៅមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា អស់រយៈពេល១ឆ្នាំមកហើយ ប្រទេសជាសមាជិកអាស៊ាននៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយការណ៍ នៃការបន្តកើតមាននូវអំពើហិង្សា និងការធ្លាក់ចុះ នៃស្ថានភាពមនុស្សធម៌។
ក្នុងនោះដែរ ប្រទេសជាសមាជិកអាស៊ាន ក៏ស្នើឲ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់យកភាពអត់ធ្មត់ឲ្យខ្ពស់បំផុត ក៏ដូចជាការធានាបាននូវការចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាន នៃគោលការណ៍មនុស្សធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និងឯករាជ្យ។
ជាមួយគ្នានេះ ប្រទេសជាសមាជិកអាស៊ានក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន និងការត្រៀមលក្ខណៈរួចរាល់ដើម្បីជួយដល់មីយ៉ាន់ម៉ា ស្របតាមឆន្ទៈ នៃប្រជាជនមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចមណុច និងធម្មនុញ្ញអាស៊ាន ជាមួយការយល់ឃើញថា សន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែងអាចសម្រេចបាន លុះត្រាណាដំណោះស្រាយនយោបាយនោះប្រកបដោយបរិយាប័ន្ន ជាដំណោះស្រាយដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ និងដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕