សង្គម

សង្ស័យអធិការស្រុកទឹកឈូ ត្រូវថ្នាំសណ្តំ ពីម្ចាស់បនល្បែងមាន់ជល់នៅក្នុងឃុំថ្មី

ខេត្តកំពត៖ ទីតាំងបនល្បែងជល់មាន់នៅចំណុចភូមិដូនសយ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត កំពុងតែដំណើរការយ៉ាងរលូន ដោយអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ត មិនមករំខាន ពោលគឺមិនទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃនោះឡើយ។

ការមិនរំខានដល់សមត្ថកិច្ចនេះ មហាជនខាងមានការសង្ស័យចំពោះអាជ្ញានិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ទំនងត្រូវថ្នាំសណ្តំពីម្ចាស់បនល្បែងជល់មាន់ខាងលើនេះអស់ហើយមើលទៅ ទើបបានជាបណ្តែតបណ្តោយ អោយមានលែងស៊ីសងជល់មាន់ បើកដំណើរការបានយ៉ាងរលូន ដោយមិនអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព ពិសេសមិននាំគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩(អូមីក្រុង)។

ជាមួយ​គ្នា​នេះដែរ មហាជននៅក្នុងភូមិដូនសយ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត បានសំណូមពរដល់សមត្ថកិច្ចជំនាញ មេត្តាជួយទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងជល់មាន់ខាងលើ អោយខាងតែបានចេញពីមូលដ្ឋានរបស់ពួកគាត់ ពីព្រោះកូនឬប្តីរបស់ពួកគាត់បាននាំគ្នាឆ្កួតឬឈ្លក់វង្វេងនិងល្បែងជល់មាន់ខាងលើនេះ ភ្លេចការសិក្សានិងភ្លេចការងាររកស៊ីដើម្បីចិញ្ចឹមប្រពន្ធកូនទៀតផង។មហាជនខាងលើបានលើកឡើងទៀតថាពេលប្តីរបស់ពួកគាត់ចាញ់ល្បែងជល់មាន់ម្តងៗប្តីរបស់ពួកគាត់តែងតែប្រើអំពើហិង្សាមកលើប្រពន្ធនិងកូន។អ្វីដែលមហាជនលោកព្រួយបារម្ភនោះ គឺពួកគាត់ខ្លាចមានការលួចប្លន់នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយសារតែទង្វើក្រុមអ្នកញៀនល្បែងខាងលើនេះ។

ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងជល់មាន់ខាងលើនេះ លោកសូ  ប៊ុនធឿន អធិការស្រុកទឹកឈូ បានឆ្លើយដោះសាររហូត ម្តងគាត់ថា «ខ្ញុំបានទទួលព័ត៌មាននេះពីអ្នកសារព័ត៌មាន ខ្ញុំនិងអោយកម្លាំងប៉ុស្ត៌ចុះទៅពិនិត្យមើលទីតាំងខាងលើនេះ។ម្តងគាត់ថាគាត់ជាប់ប្រជុំនៅស្នាក់ការគណបក្ស ខ្ញុំទើបតែចេញមិញ ខ្ញុំបានអោយប៉ុស៌្តចុះទៅ តែមិនទាន់បានព័ត៌មាន ចាំមើលខ្ញុំឆែកមើលប៉ុស៌្តនិងហើយ»។

សូមបញ្ជាក់ជូនផងដែរថា ពេញមួយថ្ងៃអាទិត្យទី៣០ ខែមករាឆ្នាំ២០២២នេះ បនល្បែងជល់មាន់ខាងលើនេះ បានដំណើរការយ៉ាងរលូនតាំងពីព្រឹករហូតដល់ល្ងាច គ្មានឃើញស្រមោលកម្លាំងប៉ុស៌្តឬកម្លាំងស្រុកចុះមកទប់ស្កាត់និងបង្ក្រាបសោះឡើយ(ពោល)គឺដូចការសង្ស័យរបស់មហាជនបានលើកឡើងខាងលើមែន៕

ដោយ: សុិន ខាន់ឆា
ទំនាក់ទំនងព័ត៌មាន: 010840732/061881299