សង្គម

ស្ពានអាកាសឆ្លងកាត់ផ្លូវជាតិលេខ៥ បើកការដ្ឋាន​នៅថ្ងៃទី៣១ មករា

នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការ ដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

​យោង​តាម​សេចក្ដី​ជូនដំណឹងរបស់រដ្ឋបាលរាជធានី ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជាបណ្តោះ អាសន្ននៅជុំវិញទីតាំងប្រារឰពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពីរាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។

​អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕