សង្គម

អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពតម្នាក់ រងការចោទប្រកាន់បូមខ្សាច់លុបអាងស្តុកទឹកស្រែអ៊ូរ

លោក គង់ សំណាង អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពត និងបក្ខពួក រងការចោទប្រកាន់ថា កំពុងធ្វើសកម្មភាពបូមខ្សាច់លុបអាងស្តុកទឹក ឬស្រែអ៊ូរ នៅកំលុងដើមឆ្នាំ២០២០ កន្លងមកនេះ ជាហេតុនាំឱ្យមានការខកខានដល់កិច្ចដំណើរការផលិតកម្មអំបិល។ នេះបើយោងតាមលិខិតមួយច្បាប់របស់ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ ដែលលិខិតនេះបានគោរពជូនឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីចាត់វិធានការច្បាប់ចំពោះ បុគ្គលឈ្មោះ គង់ សំណាង និងបក្ខពួក ។

ឯកឧត្តម ចម ប្រសិទ្ធ បានរៀបរាប់ថា រហូតមកដល់បច្ចុប្បន្ននេះ មានជនខិលខូចមួយចំនួនបាននឹងកំពុងតែព្យាយាមលក់ដីស្រែអំបិល ដែលជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋ និងមាននៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ ។ ជាក់ស្ដែង ករណីដីស្រែអំបិល ក្រុមសាមគ្គីអំបិលមានសមាជិកចំនួន៦ក្រុម ទំហំ២៤ហិកតា ដែលមានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបាន លោក គង់ សំណាង និងបក្ខពួក បានបូមខ្សាច់លុបអាងស្តុកទឹក ឬ ស្រែអ៊ូរ នៅកំលុងដើមឆ្នាំ២០២០ កន្លងមកនេះ ជាហេតុនាំឱ្យមានការខកខានដល់កិច្ចដំណើការផលិតកម្មអំបិល ។

ឯកឧត្តម ចម ប្រសិទ្ធ បន្តថា បើទោះបីជាមានកិច្ចអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរំលោភបំពានលើដីស្រែអំបិល ក៏បុគ្គលរូបនោះ (លោក គង់ សំណាង) នៅតែបន្តបំពាន និងរំខានដល់ការចុះបញ្ជីដីធ្លីរបស់មន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពត តាមរយៈការប្ដឹងជំទាស់លើការបិទផ្សាយបណ្ណកម្មសិទ្ធិជាសាធារណៈ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងទៀតថា ដីស្រែអំបិលរបស់ក្រុមសាមគ្គីផលិតអំបិលទាំង៦ក្រុម ទំហំ២៤ហិកតានេះ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់តាមរយៈលិខិតលេខ១៤៣២ «សជណ» ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៦ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សូមឱ្យឯកឧត្តមអភិបាលខេត្តកំពត ជួយជំរុញបណ្ណកម្មសិទ្ធិជូនក្រុមសាមគ្គីផលិតអំបិល និងចាត់វិធានការចំពោះបុគ្គលឈ្មោះ គង់ សំណាង និងបក្ខពួកតាមផ្លូវច្បាប់ជាធរមាន៕