សង្គម

ក្រសួងសុខាភិបាល កែប្រែលក្ខខណ្ឌ​ព្យាបាលសម្រាប់អ្នក​ដែលរកឃើញវីរុសកូវីដ១៩ ប្រភេទអូមីក្រុង

នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ​២០២២ ក្រោយ​ពីមាន​បទបញ្ជា​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាល​កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន​ភ្លាមៗ ដោយ​ធ្វើ​ការ​កែប្រែ​លក្ខខណ្ឌព្យាបាល​អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី​ប្រភេទអូមីក្រុង។

ក្នុងនោះ សម្រាប់ជនបរទេស​ដែលចូល​មក​កម្ពុជា ហើយ​តេស្តរកឃើញវិជ្ជមាន ត្រូវ​អនុញ្ញាតឲ្យ​ព្យាបាល​នៅ​សណ្ឋាគារ ឬនិវេសនដ្ឋានរបស់ស្ថានទូត ឬទីកន្លែង​ដែលពួកគាត់ជ្រើសរើស ដោយ​ពុំ​ចាំបាច់​ទៅ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ ឬមណ្ឌល​ព្យាបាល​ជំងឺកូវីដ១៩ របស់រដ្ឋទេ។

សម្រាប់ជនជាតិខ្មែរ ជាអ្នក​ដំណើរ​មក​ពីបរទេស និង​អ្នក​នៅ​ក្នុង​ប្រទេស អនុញ្ញាតឲ្យ​ស្នាក់​នៅ​ព្យាបាលតាមផ្ទះ ដូចករណីអ្នកជំងឺកូវីដ១៩ ប្រភេទ​អាល់ហ្វា ឬដែលតាដែរ ដោយ​គោរព​តាម​នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺកូវីដ១៩​ នៅ​តាមផ្ទះ។

ជាមួយ​គ្នានេះ ចំពោះ​អ្នកជំងឺ​កូវីដ១៩ ប្រភេទអូមីក្រុង ជាជនបរទេស ឬជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ឬមណ្ឌល​ព្យាបាលជំងឺកូវីដ១៩ ប្រសិនជា​មានបំណង​ចាកចេញទៅព្យាបាលនៅតាមផ្ទះ ឬសណ្ឋាគារ ត្រូវ​បានអនុញ្ញាតឲ្យចាកចេញចាប់ពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ​២០២២តទៅ៕