កងទ័ពមួកខៀវប្ដូរវេនចំនួន ៤០៥នាក់(ស្ត្រី ៥២នាក់) នឹងចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នាដើមខែកុម្ភៈ ខាងមុខ។
លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការ ជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះ រួមមាន កងវិស្វកម្មពហុជំនាញ លេខ៨២៩ នឹងចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មសំណង់ លេខ៤៣២ នឹងត្រូវទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ជាមួយគ្នានេះ បើតាមលោក ហួត គឹមសាន នាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាលាបាននិងកំពុងធ្វើការហ្វឹកហ្វឺនដល់កងកម្លាំង ត្រៀមប្ដូរវេនចេញបំពេញបេសកកម្មនៅសាធាណរដ្ឋលីបង់ និងអាហ្វ្រិកកណ្ដាល តាមកម្មវិធីជាក់ស្តែងលើជំនាញវិស្វកម្ម(សំណង់ផ្តេក-សំណង់បញ្ឈរ) ផ្នែកតូប៉ូ (TOPO) ផ្នែកសុខាភិបាលជំនាញបច្ចេកទេសបើកបររថយន្ត គ្រឿងចក្រ រថយន្តពន្លត់អគ្គិភ័យ និងជួសជុលកម្រិតស្រាល, ជំនាញបោសសម្អាតមីនដោយដៃ ដោយគ្រឿងចក្រ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ(EOD, IEDS) ក្បួនយុទ្ធវិធី យុទ្ធដំណើរទ័ព ឋានលេខា សព្វាវុធ អប់រំនាយ បទបញ្ជាបាញ់គ្រាប់ពិត លំហាត់របៀប កីឡា (រត់ឆ្លងឧបសគ្គសិប្បនិមិត្ត រត់ឆ្លងឧបសគ្គធម្មជាតិ រត់ចម្ងាយ រត់ពាក់កណ្តាលកម៉ង់ដូ លំហាត់ប្រាណ២៤កាយវិការ) និងក្បាច់គុណល្បុកតោភ្លេងបុរាណ សិល្បៈ សាសនាប្រពៃណីជាតិខ្មែរ ជាដើម៕