នៅព្រលប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្លាស់ប្តូរថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ដែលកាលពីមុនគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមករា មកប្រកាសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះវិញសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តផ្សេងៗ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២វិញ។
ការសម្រេចផ្លាស់ប្តូរថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបមុនកាលកំណត់នេះ ក្រសួងអប់រំបានបញ្ជាក់ថា គឺដោយសារតែដំណើរការកំណែ និងដំណើរការស្រង់ បុកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានប្រប្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ក្រោយពីមានការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ពីអាក់ខានរៀបចំការប្រឡងកាលពីឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ១៩។ ការប្រឡងបាក់ឌុបនៅឆ្នាំ២០២១ មានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួនជាង១១ម៉ឺននាក់ ក្នុងនោះអវត្តមានបេក្ខជនមិនបានចូលរួមប្រឡងប្រមាណ៣ពាន់នាក់៕