បើតាម ក្រសួងសុខាភិបាល កម្ពុជា បាន ឲ្យ ដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២នេះថា កម្ពុជា មានករណីឆ្លង វីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងនៅក្នុងសហគមន៍ សរុបចំនួន៤ករណីហើយ។
ថ្លែង ពីខេត្តបាត់ដំបង ក្នុងពិធីសម្ពោធ កំណាត់ ផ្លូវជាតិលេខ៥ នាព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងថា ប៉ុន្មានថ្ងៃមកនេះ កម្ពុជា ពុំ មានករណីស្លាប់ដោយសារ ជំងឺកូវីដ១៩ នោះទេ ដែលនេះ សម្តេចបានបញ្ជាក់ថា ករណីស្លាប់ដោយសារ កូវីដ១៩ គឺមាន ចំនួន តិច ជាង ករណីស្លាប់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍។
«ប៉ុន្មានថ្ងៃមុនខ្ញុំបាននិយាយហើយ ស្លាប់ដោយសារកូវីដ មានចំនួនតិចជាងគឺមានចំនួនតិចជាង ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ហើយ ពិតមែនតែកូវីដ ប៉ុន្មានថ្ងៃនេះវាឆ្លងដោយសារតែអូមេក្រុង ក៏ប៉ុន្តែ ចំនួនអ្នកស្លាប់គឺសូន្យករណីប៉ុន្មានថ្ងៃជាប់ៗគ្នា ហើយអូមេក្រុង អីឡូវនេះ បានធ្លាយចូលសហគមន៍ ម្សិលម្ងៃ គឺ១ករណី ម្សិលមិញចូល ៣ករណីហើយ»។
យ៉ាងណាក៏ដោយដើម្បីជាការទប់ទល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាឱ្យសម្រុកចាក់ដូសទី៣ ឬដូសជំរុញ នៅតាមបណ្ដាខេត្តទាំងអស់ ដើម្បីបង្កាទប់ស្កាត់វីរុសបំប្លែងថ្មី «អូមីក្រុង» ដែលកំពុងឆ្លងចូលសហគមន៍៕