ពេទ្យ និងជំនួយការពេទ្យចំនួន៤នាក់ នៃមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល មានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃកាលពីយប់ថ្ងៃទី៥ ធ្នូ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបានមកកែសម្ផស្សកន្លងមក។
មុននឹងធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានចុះមកធ្វើការត្រួតពិនិត្យ ហើយពេលនោះក៏មានវត្តមានមេធាវីជាច្រើនរូប ចុះមកដល់ទីតាំងនោះផងដែរដើម្បីធានាខ្លួនបុគ្គលិកទាំងអស់នៅក្នុងទីតាំង មជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល តែដោយមិនមានការឯកភាព ទើបពន្យារពេលក្នុងការបន្តនីតិវិធី។
រហូតដល់វេលាម៉ោង ០៧យប់ថ្ងៃដដែល ទើបមានការសម្របសម្រួលគ្នា រវាងកម្លាំងនគរបាលគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ របស់ក្រសួងមហាផ្ទៃ និងមេធាវី ដោយឃាត់ខ្លួនតែមនុស្សប្រុសស្រីចំនួន ០៤នាក់(ប្រុស០២នាក់) ប៉ុណ្ណោះ ដែលជាពេទ្យនិងជំនួយការ ដើម្បីបញ្ជូនខ្លួនទៅក្រសួងមហាផ្ទៃធ្វើការសាកសួរ។
ដោយឡែកបុគ្គលិកនារីៗជាង ១០នាក់បន្ថែមទៀត ត្រូវបានក្រុមមេធាវីធ្វើការធានាខ្លួនឱ្យស្នាក់នៅទីតាំងមជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល ជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី៕