កម្លាំងការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានចុះឆែកឆេរ រោងចក្របារីហុង អន្តរជាតិ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយបានរកឃើញ នូវសម្ភារៈវត្ថុតាងជាច្រើន ដែលមានការពាក់ព័ន្ធ ទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និង បារីម៉ាក ៥៥៥ ក្លែងក្លាយ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងថា មានការចរាចរផលិតផល បារីម៉ាក JET ក្លែងក្លាយ នៅព្រះរាជាណាចក្រកម្ពុជា ហើយនាយដ្ឋានបទល្មើស បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត មានរយៈពេលជាង មួយឆ្នាំ ។ ទើបនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:៤៥នាទី កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានបានធ្វើការឃាត់រថយន្ត មួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5930 នៅក្នុង ចំណតរថយន្តដឹកទំនិញ (ជិតម្ដុំស្ដុបកោសដូង) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសង្ស័យដឹកជញ្ជូន បារីម៉ាក JET ក្លែងក្លាយ។
ក្រោយពីការពិនិត្យជាក់ស្ដែង សមត្ថកិច្ច បានរកឃើញ បារីម៉ាក JET ក្លែងក្លាយ ចំនួន ៤៧ ប៊ិច ដោយមានការសម្របសម្រួលដឹកនាំ ដោយតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ហើយសមត្ថកិច្ច បាននាំយករថយន្ត និងអ្នកបើកបរ ឈ្មោះ នៀ ណារិន ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រឡប់ទៅទីតាំងដើម ដែលដឹកបារី ទាំងនោះ ចេញមក ស្ថិតនៅរោងចក្របារី ហុង អន្តរជាតិ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លុះព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨:៥០នាទី សមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំ សម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានបន្តនីតិវិធី ត្រួតពិនិត្យឆែកឆេរ រោងចក្របារីហុង អន្តរជាតិ ក្នុងប្រតិបត្តិការឆែកឆេរ ត្រួតពិនិត្យជាក់ស្ដែងនេះ បានរកឃើញនូវសម្ភារៈវត្ថុតាង ជាច្រើន ដែលមានការពាក់ព័ន្ធ ទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង នៃទីតាំងរោងចក្រ ខាងលើ។
ក្រោយពីធ្វើការត្រួតពិនិត្យរួច តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចអោយសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារៈខាងលើ យកទៅរក្សាទុក ជាបណ្ដោះអាសន្ន នៅនាយដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបិទផ្លុំបេ ទ្វារឃ្លាំង និងច្រកចេញចូល នៃទីតាំងរោងចក្រ ខាងលើ ជាបណ្ដោះអាសន្ន និងបានឃាត់ខ្លួន បានម្ចាស់ទីតាំង ខាងលើ មានឈ្មោះ ង៉ូវ ម៉ុក ភេទស្រី ដើម្បីបញ្ជូន ទៅអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ យកទៅចាត់ការ តាមនីតិវិធីច្បាប់ និងឈ្មោះ ង៉ូវ ស្រ៊ុន ភេទប្រុស បានកំពុងរត់គេចខ្លួន ដែលជាម្ចាស់រោងចក្រផលិតបារី ហុងអន្តរជាតិ៕