សង្គម

សម្តេច ហ៊ុន សែន៖ កូរ៉េសន្យាជួយសង់ស្ពានឆ្លងពីភ្នំពេញ ទៅស្រុក​ល្វាឯម

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា កូរ៉េបានសន្យាថានឹងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសម្រាប់កសាងស្ពាន​មិត្តភាពកូរ៉េ-ខ្មែរដែលឆ្លងពីភ្នំពេញទៅស្រុកល្វាឯម ខេត្តកណ្តាលនៅថ្ងៃខាងមុខ។

សម្តេច ហ៊ុន សែន បានចាត់ទុកថា គម្រោងកសាងស្ពាន​មិត្តភាពខ្មែរ-កូរ៉េដែលតភ្ជាប់ពីទន្លេមេគង្គក្នុងរាជធានីភ្នំពេញទៅខាងស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាលនេះ គឺបង្ហាញពីនិមិត្តរូបសាមគ្គីភាពរវាងកម្ពុជា និងកូរ៉េ និងបង្ហាញពីការខិតខំនយោបាយការទូតដែលផ្សារភ្ជាប់ជាមួយប្រទេសកូរ៉េ។

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ស្ពានមួយនេះនឹងជួយសម្រួលការកកស្ទះចរាចរណ៍​នៅភ្នំពេញ ជាពិសេសនឹងជួយឲ្យតំបន់នោះក្លាយជាទីក្រុងរណបនៅថ្ងៃអនាគត។

«ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ»

បើតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹង​បើក​ការដ្ឋានសាងសង់នៅឆ្នាំ​២០២២នេះ៕